
រដ្ឋាភិបាលជប៉ុនបាននិយាយថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) និងក្រុមអ្នកជំនាញមកពីប្រទេសចិន កូរ៉េខាងត្បូង និងកាណាដា នៅថ្ងៃចន្ទ (១៦ តុលា) នេះ បានប្រមូលគំរូសំណាកទឹកសមុទ្រនៅជិតបរិវេណរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលត្រូវបានខូចខាត នៅភាគឦសានប្រទេសជប៉ុន បន្ទាប់ពីមានការបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មរួចចេញពីកន្លែងនោះ។
ក្រុមអ្នកជំនាញទាំងនេះ កំពុងធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនរហូតដល់ថ្ងៃទី២៣ ខែតុលា ដើម្បីបញ្ជាក់អំពីការត្រួតពិនិត្យដែនសមុទ្ររបស់ប្រទេសនេះ ស្របពេលមានការព្រួយបារម្ភអំពីសុវត្ថិភាពជុំវិញការបញ្ចេញទឹក ដែលបានចាប់ផ្តើមកាលពីចុងខែសីហា។ ប្រទេសចិន បានប្រតិកម្មយ៉ាងខ្លាំងចំពោះការបង្ហូរទឹកនេះ ដោយដាក់បម្រាមលើការនាំចូលអាហារសមុទ្ររបស់ជប៉ុន។
ពុំមានកម្រិតមិនធម្មតានៃសារធាតុទ្រីទីចូម និងសារធាតុវិទ្យុសកម្មផ្សេងទៀត ត្រូវបានរកឃើញនៅក្នុងទឹកសមុទ្រ ឬសំណាកត្រី ដែលប្រមូលបានពីជុំវិញរោងចក្រនុយក្លេអ៊ែរនោះទេ ចាប់តាំងពីការបង្ហូរទឹកជុំដំបូង ដែលដំណើរការចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី១១ ខែកញ្ញា មក នេះបើយោងតាមការត្រួតពិនិត្យដោយក្រុមអាជ្ញាធរជប៉ុន ដែលជាប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរមកពីក្រុមហ៊ុន TEPCO និងទីភ្នាក់ងារ IAEA ។
ទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានប្រទេសមួយចំនួន និងក្រុមអ្នកនេសាទក្នុងខេត្ត ហ្វ៊ូគូស៊ីម៉ា បានរិះគន់ការសម្រេចរបស់រដ្ឋាភិបាលជប៉ុនក្នុងការបង្ហូរទឹកនោះដែរ។ ទីក្រុងប៉េកាំង បានទទូចម្តងហើយម្តងទៀតឱ្យប្រទេសជប៉ុន បញ្ឈប់ផែនការនេះ ដោយហៅទឹកនោះថាជា «ទឹកកខ្វក់មានសារធាតុបំពុលនុយក្លេអ៊ែរ»៕