
គ្រោះរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័រមួយករណីផ្សេងទៀត បានវាយប្រហារផ្នែកភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ (១៥ តុលា) បន្ទាប់ពីមនុស្សរាប់ពាន់នាក់បានស្លាប់ ហើយភូមិទាំងមូលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ខ្លាំងក្លាមួយសប្តាហ៍មុន។
ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក បាននិយាយថា គ្រោះរញ្ជួយដីចុងក្រោយបំផុតនេះ គឺស្ថិតនៅចម្ងាយប្រហែល ៣០គីឡូម៉ែត្រ នៅខាងក្រៅរដ្ឋធានីនៃខេត្តហឺរ៉ាត់ (Herat) ហើយមានជម្រៅ ៦គីឡូម៉ែត្រ នៅក្រោមផ្ទៃផែនដី។
គ្រោះធម្មជាតិនោះ ជាគ្រោះរញ្ជួយដីលើកទីបួន ដែលទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្រ USGS បានវាស់វែងក្នុងកម្រិត ៦,៣ រ៉ិចទ័រ នៅក្នុងតំបន់ដូចគ្នាក្នុងរយៈពេលត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ។
ក្រុមជំនួយសង្គ្រោះកុមារបាននិយាយថា មនុស្សបួននាក់បានស្លាប់ ហើយមន្ទីរពេទ្យក្នុងតំបន់ហឺរ៉ាត់ បានទទួលអ្នករងរបួសប្រហែល ១៥៣នាក់។
អគារ លំនោឋាន និងទីតាំងគ្រប់កន្លែងនៅក្នុងតំបន់បាឡូច (Baloch) នៃស្រុករ៉ាបាត សាងី (Rabat Sangi) បានដួលរលំខ្ទេចខ្ទី ហើយយោងតាមក្រុមជំនួយបានឱ្យដឹងថា ភូមិជាច្រើនត្រូវបានបំផ្លាញ ប៉ុន្តែក្រុមអាជ្ញាធរបានផ្តល់ចំនួនអ្នកស្លាប់តិចជាងតួលេខខាងលើ៕