មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលស្រមោលនៅសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឲ្យក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជួយខ្លួន ក្នុងការផ្ដួលរំលំរបបសឹកមួយនេះដោយសន្យាផ្ដល់សញ្ជាតិ និងការធ្វើមាតុភូមិនិវត្តន៍សម្រាប់សហគមន៍ម៉ូស្ល៊ីម ដែលរងការសង្កត់សង្កិនចូលមកក្នុងសហភាពមីយ៉ាន់ម៉ា ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនាពេលអនាគត។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពវឹកវរ ចាប់តាំងពីយោធាបានផ្ដួលរំលំរដ្ឋាភិបាល របស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពប្រជាធិបតេយ្យ លោកស្រី Aung San Suu Kyi និងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រីកាលពីថ្ងៃទី១ ខែកុម្ភៈ។ ការបង្ក្រាបយ៉ាងសាហាវលើអ្នកប្រឆាំងដោយរបស់យោធា បានសម្លាប់មនុស្សជាង ៨០០នាក់ នេះបើយោងតាមក្រុមឃ្លាំមើលស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា។ របបសឹកមីយ៉ាន់ម៉ាបានចាត់ទុករដ្ឋាភិបាលស្រមោលជាក្រុមភេរវករ ដោយសំដៅលើនរណាម្នាក់ដែលនិយាយអំពីពួកគេ រួមទាំងក្រុមអ្នកសារព័ត៌មាន អាចត្រូវបានពិចារណាក្នុងការចោទប្រកាន់ ក្រោមច្បាប់ប្រឆាំងភេរវកម្ម។
ក្រុមនេះបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា យើងបានអញ្ជើញជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងឲ្យចូលរួមពួតដៃគ្នាជាមួយយើង និងក្រុមផ្សេងទៀតចូលរួមបដិវត្តន៍រដូវផ្ការីក (Spring Revolution ) ប្រឆាំងនឹងរបបសឹកមីយ៉ាន់ម៉ា។ គួររម្លឹកថា មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ៧៤០,០០០នាក់បានភៀសខ្លួនឆ្លងព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែស បន្ទាប់ពីយុទ្ធនាការបង្ហូរឈាមរបស់យោធាកាលពីឆ្នាំ២០១៧ ដែលអង្គការសហប្រជាជាតិបានថ្កោលទោសថា ជាការសម្លាប់ផ្ដាច់ពូជ៕
អត្ថបទ៖ សុខមាន