
រហូតមកដល់ពេលនេះ មនុស្សជាង ៤.១០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ខណៈដែលចំនួនអ្នកស្លាប់នៅតែបន្តកើនឡើងនៅក្នុងការប្រយុទ្ធគ្នារវាងភាគីទាំងពីរ។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីយប់ថ្ងៃអាទិត្យ (១៥ តុលា) ថា ប្រជាជនប៉ាឡេស្ទីន សរុបចំនួន ២.៧២៦នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានេះ ជាមួយនឹងមនុស្សជាង ១០.៨០០នាក់ទៀតបានរងរបួស។
នាយកដ្ឋានការពារជនស៊ីវិលនៅប៉ាឡេស្ទីន បាននិយាយថា លើសពីនេះមនុស្សជាង ១.០០០នាក់បានបាត់ខ្លួន បន្ទាប់ពីត្រូវបានកប់នៅក្នុងគំនរបែកបាក់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ ចំនួនអ្នកស្លាប់នៅខាងអ៊ីស្រាអែល បានកើនឡើងដល់ជាង ១.៤០០នាក់ ដោយមានអ្នករបួសជាង ៣.៨៤២នាក់ គិតត្រឹមថ្ងៃអាទិត្យ (១៥ តុលា) នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ដែលត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
អ៊ីស្រាអែល បានបន្តការវាយប្រហារតាមអាកាសប្រឆាំងនឹងតំបន់ហ្គាហ្សា ស្រ្ទីប កាលពីថ្ងៃអាទិត្យ ខណៈក្រុមសកម្មប្រយុទ្ធហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ទៅកាន់ផ្នែកផ្សេងៗនៃប្រទេសអ៊ីស្រាអែល។
កងកម្លាំងអាកាសអ៊ីស្រាអែលបានប្រកាសថា មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាស ឈ្មោះ Muataz Eid នៅតំបន់ភាគខាងត្បូង ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរបស់ពួកគេ។ មេបញ្ជាការកងទ័ពអាកាសអ៊ីស្រាអែល លោក Tomer Bar កាលពីថ្ងៃអាទិត្យ បាននិយាយថា ដំណាក់កាលបន្ទាប់នៃកងកម្លាំងអាកាសអ៊ីស្រាអែល នឹងត្រូវលុបបំបាត់ការគំរាមកំហែងនៅលើមេឃ និងបន្តការវាយប្រហារនៅលើដី ដើម្បីគាំទ្រដល់ប្រតិបត្តិការជើងគោករបស់ខ្លួននៅតំបន់ហ្គាហ្សា ស្ទ្រីប ផងដែរ៕