យោធារបស់ប្រទេសអ៊ីស្រាអែល បានប្រមូលផ្តុំរថក្រោះ នៅព្រំដែនតំបន់ហ្គាហ្សា ក្នុងការរៀបចំ សម្រាប់ការវាយលុកលើដីគោក ដោយនិយាយថា ខ្លួនកំពុងដាក់គោលដៅលើក្រុមហាម៉ាស់ និងហេដ្ឋា រចនាសម្ព័ន្ធរបស់ក្រុមនេះ ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏ឃោះឃៅកាលពីសប្តាហ៍មុន។
យោធានិយាយថា កាលពីថ្ងៃអាទិត្យ យន្តហោះរបស់អ៊ីស្រាអែល បានវាយប្រហារលើគោលដៅយោធា ចំនួន២៥០កន្លែង ដោយបានសម្លាប់មេបញ្ជាការតំបន់ភាគខាងត្បូងរបស់ក្រុមហាម៉ាស់។
មេបញ្ជាការយោធាអ៊ីស្រាអែល ឧត្តមសេនីយ៏ទោ Herzi Halevi បានប្រាប់ទាហាននៅជិតព្រំដែន តំបន់ហ្គាហ្សាថា ពួកគេនឹងចូលទៅតំបន់ហ្គាហ្សាដើម្បីដកឬសគល់ក្រុមហាម៉ាស់ ដែលដាក់គោលដៅ គ្រប់ទីកន្លែង គ្រប់មេបញ្ជាការ និងគ្រប់ប្រតិបត្តិករ។
រដ្ឋមន្ត្រីម្នាក់និយាយថា ការរារាំងរបស់អ៊ីស្រាអែល បានទប់ស្កាត់ប្រេងឥន្ធនៈ ស្បៀងអាហារ មិនឲ្យ ចូលមកតំបន់ហ្គាហ្សា ទោះបីជាលោក Netanyahu បានព្រមព្រៀងជាមួយលោក Biden ថាបន្តការផ្គត់ផ្គង់ទឹក ទៅកាន់ផ្នែកជាច្រើន នៅតំបន់ហ្គាហ្សា ភាគខាងត្បូងក៏ដោយ។