
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅថ្ងៃចន្ទ (ទី១៦ តុលា)នេះ បានសម្តែងការព្រួយបារម្ភរបស់លោកចំពោះប៉ាឡេស្ទីនដែល«ស្រឡាញ់សន្តិភាព» ដោយបាននិយាយថា កំពុងរងទុក្ខដោយ សារការវាយប្រហារភេរវកម្មដ៏ឃោរឃៅរបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល ដែលបានឈានដល់ជម្លោះយោធា និងវិបត្តិមនុស្សធម៌។
នៅក្នុងការថ្លែងសុន្ទរកថាលើកដំបូងនៅក្នុងសភាលើបញ្ហានេះ លោក Albanese បានរំលឹកឡើងវិញនូវការគាំទ្ររបស់អូស្ត្រាលីចំពោះអ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងនឹងអំពើភេរវកម្ម ប៉ុន្តែបានចូលរួមជាមួយការអំពាវនាវរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ឲ្យអ៊ីស្រាអែលធ្វើប្រតិបត្តិការដោយគោរពតាម«ច្បាប់នៃសង្គ្រាម» ។
លោកក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះពាក្យស្លោកប្រឆាំងជនជាតិជ្វីហ្វ ដែលត្រូវបានគេឮនៅឯការតវ៉ាគាំទ្រប៉ាឡេស្ទីននៅខាងក្រៅសាលមហោស្រប Sydney Opera House កាលពីសប្តាហ៍មុន។
ប្រជាជនអូស្ត្រាលីរាប់ពាន់នាក់ បានចូលរួមបាតុកម្មគាំទ្រប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ (ថ្ងៃទី១៥ ខែតុលា) ទោះបីជាមានការគំរាមកំហែងពីនគរបាល ដើម្បីទប់ស្កាត់ពួកគេក៏ដោយ ខណៈដែលប្រទេសនានានៅទូទាំងពិភពលោក បានរារាំងការតវ៉ាបែបនេះ ដោយបារម្ភថា ជម្លោះអាចបង្កឲ្យមានអំពើហិង្សានៅក្នុងប្រទេស។