
ប្រទេសអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី១៦ ខែតុលា) នេះ បានប្រាប់ថា គ្មានបទឈប់បាញ់ណាមួយ ត្រូវបានអនុវត្ត នៅតំបន់ហ្គាហ្សាភាគខាងត្បូងនោះទេ បើទោះបីជាប្រភពសន្តិសុខ ក្នុងប្រទេសអេហ្ស៊ីប បាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ដើម្បីអនុញ្ញាតឲ្យជនបរទេសចេញពីតំបន់ប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ និងនាំយកជំនួយចូលតំបន់នោះ។
ការទម្លាក់គ្រាប់បែក នៅតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានបន្តកើតមានពេញមួយយប់ ដោយអ្នកស្រុក បាននិយាយថា នោះគឺជាការវាយលុកយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងជម្លោះរយៈពេល ៩ថ្ងៃ។
ខណៈដែលវិបត្តិមនុស្សធម៌ បានគ្របដណ្ដប់លើតំបន់ហ្គាហ្សា ប្រភពសន្តិសុខអេហ្ស៊ីបចំនួន២ បាននិយាយថា អ៊ីស្រាអែលបានយល់ព្រមបញ្ឈប់ការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ហ្គាហ្សាភាគខាងត្បូង។ ពួកគេបាននិយាយថា ច្រកព្រំដែន Rafah ដែលគ្រប់គ្រងដោយអេហ្ស៊ីប ត្រូវបានគេរំពឹងថា នឹងបើកឡើងវិញ ដើម្បីអនុញ្ញាតឲ្យអ្នកកាន់លិខិតឆ្លងដែនបរទេសចាកចេញ។
ប៉ុន្តែការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «បច្ចុប្បន្នមិនមានបទឈប់បាញ់ និងជំនួយមនុស្សធម៌ នៅតំបន់ហ្គាហ្សាជាថ្នូរនឹងការយកជនបរទេសចេញនោះទេ»។
យោធាអ៊ីស្រាអែល និងស្ថានទូតអាមេរិកប្រចាំនៅអ៊ីស្រាអែល មិនមានការអត្ថាធិប្បាយអ្វីនោះទេ ខណៈមន្ត្រីមកពីក្រុមហាម៉ាស ដែលបានបាញ់គ្រាប់រ៉ុក្កែតមកលើអ៊ីស្រាអែល ចាប់តាំងពីការមានវាយលុកលើជនស៊ីវិលនៅទីនោះ កាលពីជាង ១សប្តាហ៍មុននោះ ក៏មិនបានបញ្ជាក់ពីការមានបទឈប់បាញ់ណាមួយឡើយដែរ៕