
ទាហានអ៊ីស្រាអែលត្រូវបានគេមើលឃើញឈរជើងនៅតាមតំបន់ព្រំដែនជាមួយប្រទេសលីបង់ នៅថ្ងៃចន្ទ (ទី១៦ ខែតុលា) ខណៈការប្រយុទ្ធជាមួយក្រុមហេសបូឡា កើតឡើងក្នុងពេលជាមួយគ្នានឹងសង្គ្រាម ដែលកំពុងរីករាលដាល នៅតំបន់ហ្គាហ្សា។
ទីក្រុងវ៉ាស៊ីនតោន ផ្តោតជាសំខាន់ ក្នុងការធ្វើយ៉ាងណា ដើម្បីបញ្ចៀសកុំឲ្យជម្លោះរីករាលដាល ជាពិសេសការប៉ះទង្គិចជាមួយប្រទេសលីបង់ ដែលកំពុងកើនឡើង នៅតាមព្រំដែនអ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា មេដឹកនាំនៅក្នុងរដ្ឋអារ៉ាប់ ដែលរូបលោកបានទៅទស្សនកិច្ចទូទាំងតំបន់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានប្តេជ្ញាចិត្តបញ្ឈប់សង្រ្គាមកុំឲ្យរីករាលដាល។ ជាមួយគ្នានេះ លោក Blinken ក៏កំពុងស្វែងរកការដោះលែងចំណាប់ថ្នូរចំនួន ១៥៥នាក់ ក្នុងនោះរួមទាំងជនជាតិអាមេរិកផងដែរ ដែលអ៊ីស្រាអែលនិយាយថា ត្រូវបានក្រុមហាម៉ាសចាប់នាំត្រឡប់ទៅកាន់តំបន់ហ្គាហ្សាវិញ។
ប្រទេសអ៊ីរ៉ង់ ដែលគាំទ្រទាំងក្រុមហាម៉ាស និងក្រុមហេសបូឡា បានព្រមានអ៊ីស្រាអែលអំពីការកើនឡើងនៃសង្គ្រាម ប្រសិនបើខ្លួននៅតែបន្តវាយប្រហារលើប៉ាឡេស្ទីន ដោយបន្ថែមថា ខ្លួនមិនអាចនិយាយក្នុងន័យធម្មតាៗ ដែលថា ត្រឹមតែជាអ្នកសង្កេតការណ៍នោះទេ៕