បាល់ទាត់៖ ក្រុមកំពុងឈរកំពូលតារាងបណ្ដោះអាសន្ននៃលីគកំពូលកម្ពុជា អង្គរថាយហ្គឺរបានបន្ថែមក្បាលម៉ាស៊ីនម្នាក់ទៀតហើយគឺលោក Kota Miyagi អតីតកីឡាករក្លិប FC Ryukyu នៃលីកទី២ ជប៉ុន ដែលត្រូវបានប្រកាសតែងតាំងជាគ្រូជំនួយរបស់លោក Oriol Segura កាលពីម្សិលមិញ។

តាមការបញ្ជាក់របស់ក្រុមមានមូលដ្ឋាន នៅខេត្តសៀមរាបនេះបានឲ្យដឹងថា លោក Kota Miyagi ទើបមានវ័យ ២៧ឆ្នាំប៉ុណ្ណោះ តែបច្ចុប្បន្នលោកគឺជាគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណ Japan Football Association (JFA) C License។ មុនក្លាយជាគ្រូជំនួយរបស់ក្រុមអង្គរថាយហ្គឺរ លោក Kota ធ្លាប់ជាកីឡាករលេងឲ្យក្រុមលីគលំដាប់ទី៣ ជប៉ុន FC Ryukyu ដែលបច្ចុប្បន្នស្ថិតក្នុងលីគលំដាប់ទី២ កាលពីឆ្នាំ២០១៦-២០១៧។ ក្រោយមកលោកក៏ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមយុវជន U12 របស់ FC Ryukyu ក្នុងឆ្នាំ២០១៧ និងបន្តក្លាយជាគ្រូជំនួយឈុត U18 នៅក្នុងឆ្នាំ២០១៨។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៨ ដដែល បុរសចេះនិយាយ ៣ភាសារួមមានជប៉ុន អង់គ្លេស និងភាសាខ្មែរយ៉ាងស្ទាត់ជំនាញរូបនេះ ក៏បានធ្វើដំណើរមកប្រទេសកម្ពុជាតាមរយៈអង្គការ JICA នឹងបានធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសខេត្តក្រចេះ ក្រុមយុវជន U15 និង U18 រហូតដល់ឆ្នាំ២០២១។

តាមរយៈវត្តមានរបស់គ្រូបង្វឹកវ័យក្មេងរូបនេះ ក្លិបអង្គរថាយហ្គឺរបានបង្ហាញនូវសុទិដ្ឋិនិយមថា លោក Kota នឹងសហការគ្នាជាមួយគ្រូបង្គោលលោក Oriol Segura ក្នុងការដឹកនាំក្រុមខ្លាទឹកក្រូចឲ្យទទួលបានជោគជ័យនៅក្នុងរដូវកាល ២០២១ នេះ។ គួរបញ្ជាក់ថា បច្ចុប្បន្នអង្គរថាយហ្គឺរកំពុងឈរកំពូលតារាងបណ្ដោះអាសន្ននៃលីគកំពូលកម្ពុជា បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ ៤ និងស្មើ១ រកបាន ១៣ពិន្ទុ តាមពីក្រោយដោយក្លិបភ្នំពេញក្រោនដែលរកបាន ១២ពិន្ទុ និងឈរលេខ២ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះទាំង ៤ប្រកួតមិនទាន់ស្គាល់ចាញ់ដូចគ្នា៕
អត្ថបទ៖ លី ឈុនឡា