ភ្នំពេញ ៖ គណៈមេធាវីនៃព្ររាជាណាចក្រកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំលើកទី២៨របស់ខ្លួនដើម្បីដើម្បីពិនិត្យអំពីវឌ្ឍនភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំង ប្រគល់គ្រឿងកិត្តិយសជូនដល់មេធាវីដែលមានស្នាដៃ។ កម្មវិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ដោយមានការចូលរួមពីសមាជិកគណៈមេធាវីចំនួន ១៥៥៦នាក់។
ឯកឧត្តម លី ចន្ទ័តុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការប្រារព្ធមហាសន្និបាតនៅពេលនេះមានគោលបំណងធំៗចំនួន២ជាចម្បងគឺទី១.រាយការណ៍ជូនសហភាតាអំពីវឌ្ឍនភាពការងារនិងរបាយការណ៍ហិរញ្ញវត្ថុរបស់គណៈមេធាវីក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ និង ទី២.ការបំពាក់គ្រឿងកិត្តិយសគណៈមេធាវីនព្រះរាជាណាចក្រកម្ពុជាជូនសហភាតា។
ឯកឧត្តម បានបន្តថា ដើម្បីលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីគណៈមេធាវីដាក់ចេញនូវទិសដៅសម្រាប់ឆ្នាំ២០២៤ ចំនួន១៥ចំនុចសំខាន់ៗ។ ទី១ ស្រាវជ្រាវ និងពិភាក្សាលើការបង្កើតយន្តការផ្តល់សេវាសន្ធានការីក្នុងក្របខ័ណ្ឌគណៈមេធាវីដល់សាធារណជន ដើម្បីពង្រីកសេវាកម្មរបស់វិជ្ជាជីវៈមេធាវី។ ២-បន្តយកចិត្តទុកដាក់ដល់សុខទុក្ខនិងសុខុមាលភាពរបស់មេធាវីដែលមានវ័យចាស់។ ៣-បង្កើតកម្មវិធីជួយដល់មេធាវីវ័យក្មេងដែលទើបចេញប្រកបវិជ្ជាជីវៈក្រោម ៣ឆ្នាំ។ ៤-បន្តរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងតុលាការ។៥-សហការជាមួយក្រសួងមហាផ្ទៃ ដើម្បីពង្រឹងការអនុវត្តការងាររបស់មេធាវីប្រចាំរដ្ឋបាលរាជធានីខេត្ត ។៦-ដាក់ឱ្យអនុវត្តគម្រោង ”មេធាវីដល់មូលដ្ឋាន” ដើម្បីផ្សព្វផ្សាយពីតួនាទីរបស់មេធាវី និងបញ្ជ្រាបចំណេះដឹងផ្លូវច្បាប់ជូនមេភូមិ អាជ្ញាធរឃុំ សង្កាត់ អាជ្ញាធរក្រុង ស្រុក ខណ្ឌ។៧-បន្តពិនិត្យនិងពិភាក្សាលើច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ដើម្បីធ្វើវិសោធនកម្មឱ្យស្របតាមបច្ចុប្បន្នភាពនៃសង្គមនិងផលប្រយោជន៍នៃវិជ្ជាជីវៈមេធាវី។៨-បន្តពង្រឹងការអនុវត្តច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី និងសេចក្តីសម្រេចផ្សេងៗរបស់គណៈមេធាវីឱ្យមានប្រសិទ្ធភាពខ្ពស់។៩-បន្តពិនិត្យនិងការពារមេធាវីនៅក្នុងការប្រកបវិជ្ជាជីវៈស្របតាមច្បាប់ជាធរមាន។១០-បន្តពិនិត្យ តាមដាន និងមានវិធានការម៉ឺងម៉ាត់ចំពោះមេធាវីក្នុងការអនុវត្តវិជ្ជាជីវៈ ដែលមិនគោរពតាមច្បាប់និងវិធានវិជ្ជាជីវៈមេធាវី និងសិក្សាឡើងវិញអំពីយន្តការដាក់ទណ្ឌកម្មវិន័យរបស់ក្រុមប្រឹក្សាគណៈមេធាវី។១១-បន្តកិច្ចពិភាក្សានិងដោះស្រាយបញ្ហានៃការអនុវត្តសិទ្ធិរបស់មេធាវី នៅដំណាក់កាលនគរបាលយុត្តិធម៌។១២-បន្តចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់។១៣-បន្តផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងនិងការទទួលស្គាល់តួនាទីរបស់មេធាវីក្នុងសង្គម ទាំងលើឆាកជាតិនិងអន្តរជាតិ។១៤-បន្តពង្រឹងគុណភាព សមត្ថភាព និងជំនាញដល់មេធាវី តាមរយៈការបណ្តុះបណ្តាលជាប្រចាំសិក្ខាសាលា ទស្សនកិច្ចសិក្សា ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឆ្លើយតបនឹងការវិវឌ្ឍសង្គម សេដ្ឋកិច្ច និងចរន្តនៃសាកលភាវូបនីយកម្ម។១៥-បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងវិជ្ជាជីវៈមេធាវីឱ្យបានកាន់តែប្រសើរឡើង។ដើម្បីលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌មេធាវី ជាពិសេសធានាឱ្យបាននូវផលប្រយោជន៍របស់មេធាវី និងការទទួលស្គាល់តួនាទីមេធាវីក្នុងសង្គម ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ។
បន្ថែមលើពីនេះទៅទៀត ឯកឧត្តមលីចន្ទ័តុលា ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ដែលក្នុងឆ្នាំនេះនិងឆ្នាំក្រោយ គណៈមេធាវីទទួលបានថវិកាចំនួន ២ ៦០០លានរៀលពីកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ សម្រាប់ចំណាយលើការការពារក្ដីជូនជនក្រីក្រ។ក្រៅពីនោះក៏បានផ្តល់ជូនគណៈមេធាវីនូវកិច្ចគាំពារផ្នែករដ្ឋបាលសាលសិក្សានិងបន្ទប់ការិយាល័យសម្រាប់បណ្តុះបណ្តាលសិស្សមេធាវីនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ស្របតាមអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីផងដែរ៕ អត្ថបទ៖ សូដាវណ្ណ











