ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។
ក្នុងដំណើរទស្សនកិច្ចនេះ តាមកម្មវិធីដែលបានគ្រោងទុក នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តមផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ន់ហ៊្សាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ដោយក្នុងជំនួបនោះថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរផ្តោតសំខាន់លើការពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានផលប្រយោជន៍ទៅវិញទៅមកជាដើម។
នៅក្នុងកំលុងពេលស្នាក់នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូ នឹងអញ្ជើញទៅទស្សនកិច្ចនៅកងពលតូចពិសេសលេខ១១៣ នៃបញ្ហាការដ្ឋានទ័ពពិសេស ព្រមទាំងដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធនៅវិមានអនុស្សាវរីយ៍យុទ្ធជនពលី និងនៅវិមានតម្កល់សពលោកប្រធាន ហូ ជីមិញផងដែរ៕ អត្ថបទបាន ចក់