ភ្នំពេញ ៖ មានប្រជាពលរដ្ឋ កម្មករ កម្មការិនី ប្រមាណជាជិត៦ម៉ឺននាក់បានមកទទួលសេវាដឹកជញ្ជូនសាធារណៈ ដើម្បីទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។……
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០ ២៣ ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូន កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតដោយមិនមានបង់ប្រាក់។ ការដឹក ជញ្ជូនបែបនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ដល់ទី១៦ ខែតុលា។ ក្នុងរយៈពេលនេះ មានបងប្អូនជាពល រដ្ឋ កម្មករ កម្មការិនីប្រមាណជាជិត៦ម៉ឺននាក់ បានមកទទួលសេវាដឹកជញ្ជូនសាធារណៈដោយមិនគិត កម្រៃនេះ។
លោកអ្នកនាំពាក្យបន្តថា ការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតនាឱកាសបុណ្យភ្ជុំបិណ្ឌ នេះ មានផលប្រយោជន៍ច្រើនសម្រាប់ពួកគាត់ ដែលក្នុងនោះពួកគាត់មិនបានចំណាយលើសេវានេះ និងរក្សាបាននូវសុខសុវត្ថិភាពថែមទៀត។
ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលទទួលបាននូវការដឹកជញ្ជូនដោយមិនយកប្រាក់នេះ មានក្ដីរីករាយ ជាខ្លាំង និងបានថ្លែងនូវអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕ ដោយ៖ ប្រាក់ វ៉ាន់ដា


