ក្រចេះ ៖ នាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោតនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សហការជាមួយលេខាធិការដ្ឋានរៀបចំការបោះ ឆ្នោតខេត្តក្រចេះ នៅថ្ងៃទី១៦តុលានេះរៀបចំវគ្គអប់រំអ្នកបោះឆ្នោត ស្តីពីសារៈសំខាន់នៃការ បោះឆ្នោត ជូនដល់គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល នាយក នាយករងសាលា យុវជន និងអាជ្ញាធរភាគីពាក់ព័ន្ធ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប។
ឯកឧត្តម សោម សូរីដា បានប្រសាសន៍ថា ការរៀបចំវគ្គអប់រំអ្នកបោះឆ្នោត ស្តីពីសារៈសំខាន់នៃការបោះឆ្នោតនេះឡើងគឺក្នុងគោលបំណងគឺទី១៖ អប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់ នៃការបោះឆ្នោត ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតនៅកម្ពុជា ជូនដល់ភាគីពាក់ព័ន្ធ ដែលជាក្រុមគោលដៅ ទី២៖ បង្ហាញអំពីមធ្យោបាយឆ្ពោះទៅកាន់អំណាចនយោបាយនៃរដ្ឋ ទី៣៖ ប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជា ទី៤៖ គោលការណ៍សំខាន់ៗ មួយចំនួនពាក់ព័ន្ធ និងដំណើរការបោះឆ្នោត និងទី៥ ផ្សព្វផ្សាយ ប្រភពព័ត៌មានដែលចេញដោយ គ.ជ.ប និង លធ.ខប (គេហទំព័រ,App,បណ្តាញសង្គម)។ ឯកឧត្តម បានបញ្ជាក់ផងដែលថា វគ្គអប់រំអ្នកបោះឆ្នោតស្តីពីសារៈសំខាន់នៃការ បោះឆ្នោត គឺជាផ្នែកមួយអាចជួយឱ្យអ្នកបោះឆ្នោតជ្រើសរើសបានអ្នកដឹកនាំដែលខ្លួនពេញចិត្តតាមឆន្ទៈរបស់ខ្លួន ផ្លាស់ប្តូរអ្នកដឹកនាំដោយសន្តិវិធីគ្មានការប្រើអំពើហិង្សា ធ្វើឱ្យអ្នកដឹកនាំមានការទទួលខុសត្រូវផ្ទាល់ចំពោះប្រជាពលរដ្ឋ លើកស្ទួយជីវភាពរស់នៅ របស់ប្រជាពល រដ្ឋ ឱ្យកាន់តែប្រសើរ អនុវត្តសិទ្ធិនយោ បាយ និងលទ្ធិប្រជាធិបតេយ្យ ធានាការ ពារការប្រតិបត្តិសិទ្ធិសេរីភាពទាំងអស់របស់បុគ្គលគ្រប់ៗរូបអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកំណត់ជោគវាសនារបស់ខ្លួន និងប្រទេសជាតិ របស់ខ្លួនដោយខ្លួនឯង។
ឯកឧត្តមបានអំពាវនាវដល់សិស្ស និងប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ ១៨ ឆ្នាំ និងអ្នកដែលមិនទាន់បានចុះ ឈ្មោះបោះឆ្នោតពីមុនមកអញ្ជើញទៅចុះឈ្មោះ បោះឆ្នោតឱ្យបានទាន់ពេលវេលាគ្រប់ៗគ្នា។ ព្រោះព្រឹត្តការណ៍ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ នៅតាមឃុំ សង្កាត់ នឹងចាប់ ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៣៕




