អាមេរិក៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងប្រជែងនឹងបញ្ហាសន្តិសុខ ព្រមទាំងបញ្ហាប្រឈមផ្នែកនយោបាយ ខណៈដែលក្រុមមន្ត្រីពិចារណាអំពីលទ្ធភាពនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល ដែលអាចទទួលបានអត្ថប្រយោជន៍ការទូតរយៈពេលវែងសម្រាប់លោក បៃដិន។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអញ្ជើញលោក បៃដិន ដែលបាននិយាយដោយឥតសំចៃមាត់ក្នុងការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តមជ្ឈិមបូព៌ា ដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ហើយនៅតែមានភាពតានតឹងបន្ទាប់ពីការវាយលុកឆ្លងព្រំដែនដ៏បំផ្លិចបំផ្លាញ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះជនជាតិអ៊ីស្រាអែលចំនួន ១.៣០០នាក់ត្រូវបានសម្លាប់។
ដំណើរទស្សនកិច្ចបែបនេះ នឹងក្លាយជាជម្រើសដ៏កម្រ និងប្រថុយប្រថានមួយ ដែលបង្ហាញពីការគាំទ្ររបស់អាមេរិក សម្រាប់លោក ណេតាន់យ៉ាហ៊ូ ខណៈដែលសហរដ្ឋអាមេរិក ព្យាយាមបញ្ចៀសសង្គ្រាមក្នុងតំបន់ដ៏ទូលំទូលាយ ដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តលីបង់គឺក្រុមហេសបូឡា ព្រមទាំងប្រទេសស៊ីរី ហើយខណៈដែលស្បៀងអាហារ និងឥន្ធនៈមានកម្រិតទាបនៅក្នុងតំបន់ហ្គាហ្សា ជាទីដែលក្រុមអាជ្ញាធរនិយាយថា មនុស្សជាង ២.៨០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ដែលជាសម្ព័ន្ធមិត្តមិនមានភាពងាយស្រួលក្នុងគ្រាដ៏លំបាកបំផុតនោះ បានចូលរួមកម្លាំងគ្នា បើទោះបីជាមានជម្លោះលើផ្លូវឆ្ពោះទៅមុខនៅមជ្ឈិមបូព៌ា ដោយលោក បៃដិន ជារឿយៗសង្កត់ធ្ងន់លើការគាំទ្រសម្រាប់រដ្ឋឯករាជ្យរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីនក៏ដោយ៕


