រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Bill Blair បាននិយាយថា ការស្ទាក់ចាប់យន្តហោះយោធាកាណាដាដោយយន្តហោះចម្បាំងរបស់ចិន នៅលើដែនទឹកអន្តរជាតិកាលពីថ្ងៃចន្ទ មិនអាចទទួលយកបានទេ ដែលគ្រោះថ្នាក់ និងមិនមានការទទួលខុសត្រូវ។ លោកបាននិយាយបន្ទាប់ពី សារព័ត៌មាន Global News របស់កាណាដា និយាយថា យន្តហោះចម្បាំងចិន បានចូលមកក្នុងចម្ងាយ៥ម៉ែត្រពីយន្តហោះស៊ើបការណ៍របស់កាណាដា ដែលកំពុងចូលរួមក្នុងប្រតិបត្តិការអង្គការសហប្រជាជាតិដើម្បីបង្កើនការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង។

Global News និយាយថា ឧបទ្ទវហេតុ បានកើតឡើងនៅក្នុងដែនទឹកអន្តរជាតិ នៅជិតឆ្នេរសមុទ្រចិន ដែលមានសមាជិកយានិកនៅលើយន្តហោះ។ លោក Blair បាននិយាយថា ខណៈកងកម្លាំងទ័ពអាកាសចិន បានធ្វើអន្តរកម្មជាទៀងទាត់ជាមួយយន្តហោះជាច្រើនលើបេសកម្មអង្គការសហប្រជាជាតិ ដែលឧបទ្ទវហេតុកាលពីថ្ងៃចន្ទ បានដាក់យន្តហោះកាណាដាឲ្យស្ថិតក្នុងហានិភ័យខ្ពស់។

លោក Blair និយាយថា លោកពិតជាបារម្ភអំពីមធ្យោបាយគ្មានវិជ្ជាជីវៈ ដែលបញ្ហានេះត្រូវបានធ្វើឡើង។ វាពិតជាគ្រោះថ្នាក់ខ្លាំង និងជាការមិនទទួលខុសត្រូវ ហើយឥរិយាបថបែបនេះពុំអាចទទួលយកបាននោះទេ ហើយយើងនឹងបង្ហាញបញ្ហាទៅដល់សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងវិធីសមស្រប។
កាលពីខែ មិថុនាឆ្នាំ២០២២ យោធាប្រទេសកាណាដា បានចោទប្រកាន់យន្តហោះចម្បាំងចិន ពីការរំខានយន្តហោះល្បាតរបស់ខ្លួន ខណៈយន្តហោះទាំងនោះ តាមដានការគេចវ៉េសពីទណ្ឌកម្មរបស់ប្រទេសកូរ៉េខាងជើង ដែលពេលខ្លះបង្ខំឲ្យយន្តហោះកាណាដា ត្រូវបង្វៀងផ្លូវហោះហើររបស់ខ្លួន។