នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau)កាលពីថ្ងៃចន្ទ បានអំពាវនាវសុំឲ្យមានច្រករបៀងមនុស្សធម៌មួយត្រូវបានបើកចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយនិយាយថា ត្រូវការជំនួយជាបន្ទាន់ ដើម្បីដោះស្រាយស្ថានការណ៍កាន់តែអាក្រក់ នៅក្នុងតំបន់ ដែលឡោមព័ទ្ធមានមនុស្ស ២,៣លាននាក់។

អ៊ីស្រាអែល ដែលប្រតិកម្មតបទៅនឹងការវាយប្រហារដោយក្រុមហាម៉ាសកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សជាង ១.៣០០ នាក់នោះ បានដាក់តំបន់ហ្គាហ្សា នៅក្រោមការបិទខ្ទប់ទាំងស្រុង និងវាយលុកដែនដីប៉ាឡេស្ទីន ដែលមានមនុស្សដ៏ច្រើនលើសលប់ ដោយការវាយប្រហារតាមអាកាសដែលមិនធ្លាប់មានពីមុនមក។

អាជ្ញាធរហ្គាហ្សា បាននិយាយថា ការទម្លាក់គ្រាប់បែកពីលើអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ២.៨០០នាក់ ប្រហែលមួយភាគបួននៃពួកគេជាកុមារ និងបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ១០.000នាក់ផ្សេងទៀត រងរបួស។
បន្ថែមពីលើការវាយប្រហារតាមអាកាសនោះ អ៊ីស្រាអែល បាននិយាយថា ខ្លួនគ្រោងនឹងបើកការវាយលុកលើដីដ៏ធំមួយទៅកាន់តំបន់ហ្គាហ្សាភាគខាងជើង ក្នុងគោលបំណងកម្ទេចក្រុមហាម៉ាស ដែលជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់ដែលគ្រប់គ្រងដីតំបន់ឆ្នេរដែលវាយដណ្តើមបានពីប្រទេសអេហ្ស៊ីប ដោយអ៊ីស្រា អែល នៅឆ្នាំ១៩៦៧ ។