ភ្នំពេញ ៖ ការចាប់ខ្លួនជនសង្ស័យជាង៦ពាន់នាក់ និងសារធាតុញៀនគ្រប់ប្រភេទជិត ៧០០ គីឡូក្រាម នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល៥ខែ គិតចាប់ពីពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ។ នេះបើតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលទូរទស្សន៍BTV ទទួលបាន នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ។
របាយការណ៍ បានបង្ហាញថា ករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះ បង្ក្រាបបាន ១៨៤៦ករណីឃាត់ខ្លួនមនុស្ស ៣៦០១នាក់ (ស្រី ២៦២នាក់) ។ ករណីប្រើប្រាស់បង្ក្រាបបាន ៩៤៨ករណី , ឃាត់ខ្លួនមនុស្ស ២៧៦៨នាក់(ស្រី ៩៧នាក់) និងអនុវត្តន៍ដីកាចំនួន ១៨៣ដីកា ឃាត់ខ្លួនមនុស្សចំនួន ១៦៩នាក់ (ស្រី៦នាក់) ។
ប្រភពដដែល បានឲ្យដឹងទៀតថា លទ្ធផលអនុវត្តន៍ច្បាប់នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១ បង្ក្រាបបាន២៧៩៤ករណី , ឃាត់ខ្លួនមនុស្សចំនួន៦៣៦៩ នាក់ (ស្រី ៣៥៩នាក់)ក្នុងនោះ មានជនបរទេសចំនួន៧៩នាក់ស្រី៦នាក់ មាន៨សញ្ជាតិ។
ដោយឡែកសម្រាប់សារធាតុញៀនគ្រប់ប្រភេទដកហូតបានចំនួនជាង ៦៩១គីឡូក្រាមនិងកញ្ឆា 14,695ដើម កញ្ឆាសួត 63kg106g។ សម្ភារៈចាប់យកមាន រថយន្ដ 38គ្រ ម៉ូតូ 643គ្រ ទូរស័ព្ទ2287គ្រជញ្ជីង 104គ្រ អាវុធខ្លី2ដើម អាវុធវែង18ដើម (កែច្នៃ 11ដើម)។ លុយខ្មែរ 8,394,200 រៀល ,លុយអាមេរិក 1,264 ដុល្លារ, លុយថៃ 24,120បាត និងលុយវៀតណាម 21,000 ដុង៕
អត្ថបទ ៖ បាន ចក់


