មន្ត្រីសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនជូនកុមារីអាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សាទួលគោក តាមភូមិ និងមណ្ឌលសុខភាព។

បើតាមលោក គិត សេដ្ឋា អនុប្រធានការិយាល័យសុខាភិបាលសុ្រកប្រតិបតិ្តចតុមុខ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យចំនួន៧រូប បានចុះមកផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនជូនកុមារី ដោយឥតគិតថ្លៃ នៅក្នុងសាលាបឋមសិក្សាទួលគោក ពេញមួយថ្ងៃ(ព្រឹក-រសៀល)។ សូមជម្រាបជូនមាតា បិតា អាណាព្យាបាលថា ការផ្តល់វ៉ាក់សាំងជូនកុមារីនេះ ក្នុងគោលបំណងដើម្បីការពារជំងឺមហារីកមាត់ស្បូន ព្រោះថាជំងឺមហារីកមាត់ស្បូន ជានិច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា ឃាតកលាក់មុខ ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរ ដោយសារថ្នាំបង្ការ។ វីរុសមហារីកមាត់ស្បូន បង្កឲ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទីបួន នៃការស្លាប់របស់ស្រី្ត ដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម។

កុមារី មានអាយុ៩ឆ្នាំ កំពុងសិក្សានៅសាលាបឋមសិក្សាទួលគោក បានបង្ហាញកី្តរីករាយ ដោយទទួលបានការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យ នៃការិយាល័យសុខាភិបាលសុ្រកប្រតិបតិ្តចតុមុខ ដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ។

សូមបញ្ជាក់ផងដែរថា ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់បញ្ចូលក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដើម្បីសង្រ្គោះជីវិតស្រី្ត ពីសេចកី្តស្លាប់ដែលបណ្តាលមកពីជំងឺមហារីកមាត់ស្បូន កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ ឥលូវនេះប្រទេសកម្ពុជា បានចូលរួមជាមួយប្រទេសចំនួន១៣៦ផ្សេងទៀត ដែលបានដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ៕អត្ថបទ៖ រដ្ឋា

