ភ្នំពេញ ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា សត្វគោជាច្រើនក្បាលដែលបានកើតជំងឺដុំពកនោះ រហូតមកដល់ថ្ងៃនេះ បានជាសះស្បើយស្ទើរតែមួយរយភាគរយហើយ ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃទី៣ ខែមិថុនា ម្សិលមិញនេះ ឯកឧត្តម តាន់ ផាន់ណារ៉ា បានលើកឡើងថា សត្វគោដែលបានកើតជំងឺដុំពកនៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យនោះ គឺបានឆ្លងមកពីប្រទេសថៃ តាមរយៈចំណីសត្វដែលបងប្អូនប្រជាកសិករទិញមកបំប៉នគោរបស់ពួកគាត់ ប៉ុន្តែទោះជាយ៉ាងនេះក្តី សត្វគោដែលបានកើតនោះ វាមិនទាន់ដល់កម្រិតធ្ងន់ធ្ងរនោះទេ ដោយសារពួកគាត់ ប្រញាប់រាយការណ៍មកអាជ្ញាធរទាន់ពេលវេលា ហើយធ្វើការទប់ស្កាត់បានរហ័សផងដែរ។
សូមរំលឹកថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ជាជំងឺបង្កដោយវីរុសក្នុងក្រុមPoxviridac នៃប្រភេទ Capripoxvirus ដែលបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសហ្សំប៊ី (Zambia) នៅឆ្នាំ១៩២៩ ហើយវាបានឆ្លងរាលដាលពាសពេញពិភពលោកក្នុងនោះ មានទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុបប៉ែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ី ខាងត្បូង និងប្រទេសចិន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។ ជំងឺដុំពកស្បែកគោនេះ បានឆ្លងមកប្រទេសកម្ពុជា កាលពីខែ ឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។
ភ្លាមៗបន្ទាប់ពីមានសេចក្តីរាយការណ៍ពីបងប្អូនប្រជាកសិករ ដែលគោរបស់ពួកគាត់បានកើតនូវជំងឺប្រាប់ដល់អាជ្ញាធរនោះ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានណែនាំមន្ត្រីជំនាញឲ្យចុះអនុវត្តវិធានការចាំបាច់ និងបន្ទាន់នានាដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ដែលបានកើតនៅប្រទេសកម្ពុជាយើងនេះ។
បើតាមសារាចរណែនាំរបស់ឯកឧត្តម វេង សាខុន បានលើកឡើងទៀតថា «ដើម្បីទប់ ស្កាត់ការឆ្លងរាលដាល ជំងឺដុំពកស្បែកគោ ក្របី ចូលមកព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំ ដល់អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាល រាជធានី-ខេត្ត ជាពិសេស បណ្ដាខេត្ត ជាប់ព្រំដែន ប្រទេសវៀតណាម និងប្រទេសថៃ ត្រូវអនុវត្ត និងចូលរួមសហការ ជាមួយអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនោះ»។
យ៉ាងណាក៏ដោយសត្វគោរបស់បងប្អូនប្រជាកសិករ ដែលបានកើតនូវជំងឺដុំពកនៅខេត្តទាំងពីរនៅប្រទេសកម្ពុជានេះ គឺបានជាសះស្បើយស្ទើរតែមួយរយភាគរយហើយ ការឆ្លងថ្មីក៏មិនទាន់មានទៀតនោះដែរ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អត្ថបទ ៖ បាន ចក់




