ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃអង្គារ (១៧ តុលា) នេះ ដើម្បីជួបជាមួយសមភាគីចិនរបស់ខ្លួន គឺលោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ច ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ក្នុងគោលបំណងបង្ហាញពីការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ និងភាពជាដៃគូ «គ្មានដែនកំណត់» រវាងប្រទេសចិន និងប្រទេសជិតខាងដ៏ធំបំផុតរបស់ខ្លួន។

យោងតាមវីដេអូរបស់សារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា លោក ពូទីន និងក្រុមមន្រ្តីអមដំណើររបស់លោក បានជិះយន្តហោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង នៅព្រឹកថ្ងៃអង្គារនេះ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានវិមានក្រឹមឡាំងរូបនេះ នៅខាងក្រៅអតីតសហភាពសូវៀតក្នុងឆ្នាំនេះ។
លោកពូទីន បានធ្វើដំណើរទៅក្រៅប្រទេសតិចតួចណាស់ ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោកកាលពីខែមីនា ដោយចោទប្រកាន់លោកពីបទនិរទេសកុមារដោយខុសច្បាប់ពីប្រទេសអ៊ុយក្រែន។
លោក ស៊ី បានជួប «មិត្តល្អ» របស់ខ្លួនចុងក្រោយនៅទីក្រុងមូស្គូ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចេញដីកាចាប់ខ្លួននោះ។ នៅពេលនោះ លោក ស៊ី បានអញ្ជើញលោក ពូទីន ឱ្យចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ នៅទីក្រុងប៉េកាំង ដែលជាវេទិកាសហប្រតិបត្តិការអន្តរជាតិ ដឹកនាំដោយមេដឹកនាំចិនរូបនេះ ហើយលោក ពូទីន នឹងជួបជាមួយលោក ស៊ី នៅថ្ងៃពុធ (១៨ តុលា) ស្អែកនេះផងដែរ។
ទីក្រុងប៉េកាំង បានច្រានចោលការរិះគន់របស់លោកខាងលិច អំពីភាពជាដៃគូរបស់ខ្លួនជាមួយទីក្រុងមូស្គូ បើទោះបីជាសង្រ្គាមនៅអ៊ុយក្រែន មិនបង្ហាញសញ្ញានៃការបញ្ឈប់ក៏ដោយ ដោយទទូចថាទំនាក់ទំនងរបស់ពួកគេមិនបំពានលើបទដ្ឋានអន្តរជាតិឡើយ ហើយប្រទេសចិន មានសិទ្ធិសហការជាមួយប្រទេសណាមួយដែលខ្លួនបានជ្រើសរើស៕

