ប្រទេសអាល់ហ្សេរីបានយល់ព្រមតាមការសំណូមពររបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន ដែលបានស្នើសុំរៀបចំការប្រកួតរបស់ក្រុមជម្រើសជាតិ សម្រាប់ការប្រកួតចំពោះមុខ។

ក្រុមជម្រើសជាតិប៉ាឡេស្ទីន ត្រូវប្រកួតជម្រុះ World Cup 2026 ក្នុងតំបន់អាស៊ីនៅខែក្រោយ ដោយប្រកួតដំបូងត្រូវជួបលីបង់នៅថ្ងៃទី ១៦ ខែវិច្ឆិកា តែលេងនៅទឹកដីអារ៉ាប់រួម ខណៈការវិលមកទឹកដីប៉ាឡេស្ទីនវិញត្រូវធ្វើឡើង ៥ ថ្ងៃបន្ទាប់ តែត្រូវប្រកួតនៅប្រទេសអាល់ហ្សេរី ភាគខាងជើងទ្វីបអាហ្វ្រិក។

មិនត្រឹមតែប៉ុណ្ណោះ អាល់ហ្សេរីបានបញ្ជាក់ថា ប្រទេសរបស់ខ្លួននឹងរ៉ាប់រងរាល់ការចំណាយទាំងអស់របស់សហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីនក្នុងការរៀបចំការប្រកួតទាំងស្រុង រួមមានដូចជាការធ្វើដំណើរការហូបចុក ស្នាក់នៅជាដើម។
សូមបញ្ជាក់ថា សមាគមកីឡាបាល់ទាត់ប៉ាឡេស្ទីន ដែលមានពហុកីឡដ្ឋានជាតិមានមូលដ្ឋាននៅតំបន់ West Bank បានស្វែងរកជំនួយពីខាងក្រៅ ខណៈដែលជម្លោះក្នុងតំបន់កាន់តែតានតឹងឡើង ដោយបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់អាស៊ីធ្លាប់បានស្នើឱ្យរៀបចំការប្រកួតនៅទឹកដីអូស្ត្រាលី ជាទឹកដីអព្យាក្រឹត។

ការសំរេចស្នើសុំរៀបការប្រកួតនៅក្រៅទីរបស់ខ្លួន បន្ទាប់ពីការវាយប្រហាររបស់ប៉ាឡេស្ទីនលើអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ដែលបានបណ្តាលឱ្យមនុស្សជាង ១៤០០ នាក់បានស្លាប់ ខណៈតំបន់ហ្គាហ្សាបានក្លាយជាកម្មវត្ថុនៃការវាយប្រហារបកមកវិញពីអ៊ីស្រាអែល តាមអាកាសដែលបណ្តាលឱ្យមនុស្សជិត ៣០០០ នាក់បានស្លាប់៕ អត្ថបទ៖នាង សុភាវុធ