ទឹកទន្លេអាម៉ាហ្សូន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាងមួយសតវត្ស កាលពីថ្ងៃច័ន្ទ (១៦ តុលា) នៅចំកណ្តាលនៃព្រៃជប់ភ្លៀងប្រេស៊ីល ខណៈគ្រោះរាំងស្ងួត បានបង្កផលប៉ះពាល់ដ់ជីវិតមនុស្សរាប់សែននាក់ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃអាម៉ាហ្សូន មួយនេះផងដែរ។

កត្តារីងស្ងួតយ៉ាងឆាប់រហ័សនៃដៃទន្លេ ដែលភ្ជាប់ទៅកាន់ទន្លេអាម៉ាហ្សូនដ៏ធំ បានធ្វើឲ្យទូកជាច្រើនគ្រឿងបានជាប់គាំងនៅទីនោះ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់អាហារ និងទឹកទៅកាន់ភូមិដាច់ស្រយាល ខណៈដែលសីតុណ្ហភាពទឹកខ្ពស់ ត្រូវបានគេសង្ស័យថា បានសម្លាប់សត្វផ្សោតទន្លេ ដែលជិតផុតពូជជាង ១០០ក្បាល។

ទីក្រុងកំពង់ផែ ម៉ាណាអូស (Manaus) ដែលជាទីក្រុងមានប្រជាជនច្រើនជាងគេក្នុងតំបន់ បានកត់ត្រាកម្រិតទឹកទន្លេកម្ពស់ ១៣,៥៩ម៉ែត្រ កាលពីថ្ងៃចន្ទ បើប្រៀបធៀបទៅនឹងកម្ពស់ ១៧,៦០ម៉ែត្រកាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំនៃទន្លេរីអូ និងទន្លេអាម៉ាហ្សូន នេះបើយោងតាមគេហទំព័ររបស់ខ្លួន។ នោះជាកម្រិតទាបបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ១៩០២មក។
ក្រសួងវិទ្យាសាស្ត្ររបស់ប្រទេសប្រេស៊ីល បានស្តីបន្ទោសគ្រោះរាំងស្ងួតថាជាមូលហេតុនៃការចាប់ផ្តើមរបស់បាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ ក្នុងឆ្នាំនេះ ដែលកំពុងជំរុញឱ្យមានបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរនៅទូទាំងពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីដើមខែនេះ ក្រសួងវិទ្យាសាស្ត្របាននិយាយថា ខ្លួនរំពឹងថា គ្រោះរាំងស្ងួតនឹងអូសបន្លាយរហូតដល់យ៉ាងហោចណាស់ខែធ្នូ នៅពេលដែលឥទ្ធិពលរបស់បាតុភូតអាកាសធាតុ អ៊ែល នីញ៉ូ ត្រូវបានព្យាករណ៍ថានឹងឈានដល់កម្រិតកំពូលផងដែរ៕