ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃអង្គារ (១៧ តុលា) នេះថា កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាវិធានការការពារខ្លួន ដើម្បីឆ្ពោះទៅរកសង្រ្គាមនុយក្លេអ៊ែរ នៅចំពោះមុខការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការប្រឆាំងនឹង «មហាអំណាចនុយក្លេអ៊ែរ»។

លោក គីម វ៉ាងយ៉ុង (Kim Kwang Myong) ដែលប្រព័ន្ធផ្សព្វផ្សាយ KCNA ពិពណ៌នាថា ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានក្រសួងការបរទេសសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាព បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងបង្កភាពតានតឹងក្នុងតំបន់ជាមួយនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយបានស្តីបន្ទោសអាមេរិក ចំពោះអស្ថិរភាពយុទ្ធសាស្ត្រ ដែលបំផ្លាញសន្តិភាពពិភពលោក។

ការអត្ថាធិប្បាយនេះ ធ្វើឡើងនៅពេលដែលប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង មួយនេះ បានបង្កើនការប្រកាសអាសន្ននៅក្នុងតំបន់ ជាមួយនឹងការបាញ់មីស៊ីលជាទៀងទាត់ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ដែលអាចវាយប្រហារទ្វីបអាមេរិកផងដែរ។
លោក គីម បានលើកឡើងពីការរកឃើញនាពេលថ្មីៗនេះ ដោយគណៈកម្មការឥរិយាបថយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលអំពាវនាវឱ្យមានការពង្រឹងកម្មវិធីទំនើបកម្មអាវុធនុយក្លេអ៊ែររបស់ប្រទេស ក្នុងការត្រៀមរៀបចំសម្រាប់សង្រ្គាម ក្នុងពេលដំណាលគ្នាដែលអាចទៅរួចជាមួយរុស្ស៊ី និងចិន ដែលជាសញ្ញា «ប្រថុយប្រថានបំផុត» និងជា «សកម្មភាពអនុត្តរភាព»។
នៅក្នុងអត្ថបទប្រព័ន្ធផ្សព្វផ្សាយ KCNA មួយផ្សេងទៀត លោកគីម តុងយ៉ុង (Kim Tong Myong) អ្នកស្រាវជ្រាវនៃទីភ្នាក់ងារសង្គមសម្រាប់ការសិក្សានយោបាយអន្តរជាតិ ក៏បានរិះគន់សមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់អង្គការណាតូ មានឈ្មោះថា «ថេរវេលាថ្ងៃត្រង់» ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ (១៦ តុលា) ដើម្បីអនុវត្តការប្រើប្រាស់គ្រាប់បែករបស់សហរដ្ឋអាមេរិក មានមូលដ្ឋាននៅអឺរ៉ុប ផងដែរ៕