ប្រធានគណបក្សឯកភាពជាតិខ្មែរ លោក អ៊ុន ជឹម បានថ្លែងថា គណបក្សរបស់លោកក៏ដូចជាគណបក្ស នយោបាយផ្សេងៗទៀតប្រកាសចងសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច មិនមែនជាការរៀបចំឡើង ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានោះទេ គឺធ្វើឡើងដើម្បីរួបរួមគ្នា ជាធ្លុងមួយក្នុងគោលបំណងតែមួយគឺថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើន ខ្លាំងឡើងបន្ថែមទៀត។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក អ៊ុន ជឹម បានបញ្ជាក់ថា គណបក្សរបស់លោក និងគណបក្សចំនួន ១៦ទៀតបានប្រកាសចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា ហើយការចងសម្ព័ន្ធនេះខាងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាននោះក៏បានប្រកាសស្វាគមន៍ដោយគ្មានការរើសអើងផងដែរ ខណៈការសម្រេចចិត្តចង សម្ព័ន្ធនេះ ដើម្បីគិតផលប្រយោជន៍ជាតិ និងប្រជាជនជាធំ មិនមែនចង់បានដំណែងនេះតំណែងនោះ ដូចការលើកឡើងរបស់ក្រុមអគតិ និងក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។
លោក អ៊ុន ជឹម បានបន្ថែមទៀតថា ការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយជាច្រើននេះ គឺ ជាការចង់លុបបំបាត់នូវវប្បធម៌ជេរប្រមាថគ្នា លាបពណ៌គ្នា ដោយយកវប្បធម៌សន្ទនាគ្នា ដើម្បីជាតិ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋគ្រប់រូប។
បើតាមប្រធានគណបក្សឯកភាពជាតិខ្មែររូបនេះបានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះមានគណបក្សជិត ២០គណបក្សហើយដែលបានប្រកាស់ចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាជនកម្ពុជា ហើយការចងសម្ព័ន្ធជាផ្លូវការក៏នឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាមុខនេះដែរ ខណៈបច្ចុប្បន្នមេដឹកនាំបណ្តា គណបក្សផ្សេងៗ រួមជាមួយលោកផង កំពុងធ្វើសេចក្តីព្រាងច្បាប់មួយចំនួន ដើម្បីចុះអនុស្សរណៈជាមួយគ្នា ដោយសេចក្តីព្រាងច្បាប់នោះគឺស្ថិតនូវភាពច្បាស់លាស់ជាមួយគ្មា និងយកផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕ អត្ថបទ៖ បាន ចក់
