រដ្ឋាភិបាលរបស់វ៉េណេហ្ស៊ុយអេឡា នឹងបន្តកិច្ចពិភាក្សាជាមួយក្រុមប្រឆាំងដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយបើកផ្លូវឲ្យរដ្ឋបាលរបស់លោក ចូ បៃដិន ដើម្បីបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើប្រទេសអាមេរិកខាងត្បូង រួមទាំងឧស្សាហកម្មប្រេងរបស់ខ្លួនផងដែរ។

កិច្ចព្រមព្រៀងដែលរួមមានការអនុញ្ញាតឲ្យបេក្ខជនប្រឆាំងដែលត្រូវបានហាមឃាត់ ឲ្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ នឹងក្លាយជាសម្បទាននយោបាយដ៏សំខាន់ដំបូង ដោយរដ្ឋាភិបាលរបស់លោកនីកូឡាស ម៉ាឌូរ៉ូ ( Nicolás Maduro) ក្នុងរយៈពេលមួយទសវត្សរ៍ ខណៈដែលសហរដ្ឋអាមេរិកស្វែងរកការកែលម្អលក្ខខណ្ឌបោះឆ្នោត ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ដែលត្រូវការយ៉ាងខ្លាំងនោះ។

ក្រុមមន្ត្រីមកពីប្រទេសន័រវែសដែលកំពុងសម្របសម្រួលកិច្ចពិភាក្សានេះ បាននិយាយថា មន្ត្រីវ៉េណេហ្ស៊ុយអេឡាចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅទីក្រុង Barbados នៅថ្ងៃអង្គារនេះ។ មនុស្សដែលដឹងពីផែនការនេះ បាននិយាយថា ក្រុមមន្ត្រីនៃរដ្ឋបាលរបស់លោកបៃដិន នឹងចូលរួម។
លោកម៉ាឌូរ៉ូ បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍របស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទថា៖«យើងជិតឈានដល់ការចាប់ផ្តើមនៃការចុះហត្ថលេខាលើឯកសារដ៏ល្អសម្រាប់ការធានាដល់ការបោះឆ្នោត»។ លោកមិនបានបង្ហាញព័ត៌មានលម្អិតអំពីរឿងនេះ ឬកិច្ចព្រមព្រៀងទូលំទូលាយ ដែលលោកបាននិយាយថា ខ្លួនបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិករួចហើយ ប៉ុន្តែលោកបាននិយាយថា ខ្លួននឹងមិនគាំទ្រចំពោះភាពមិនប្រក្រតីណាមួយឡើយ»។