ភ្នំពេញ ៖ អគ្គស្នងការនគរបាលកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន បានសម្តែងមោទនភាពរួមគ្នាក្នុងការទទួលបានជោគជ័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្នុងកិច្ចការបង្ក្រាប និងទប់ស្កាត់ឧក្រិដ្ឋជនឆ្លងដែន បានយ៉ាងច្រើន ជាពិសេសឧក្រិដ្ឋជនដែលជាជនជាតិចិននេះតែម្តង។
តាមរយៈកិច្ចប្រជុំវីដេអូពីចម្ងាយ នារសៀលថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ រវាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក វ៉ាង ស៊ាវហុង (Wang Xiaohong) អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការរដ្ឋបាល នៃក្រសួងសន្តិសុខសាធារណៈចិនភាគីទាំងពីរបាន ថ្លែងកោតសរសើរគ្នាទៅវិញទៅមកក្នុងកិច្ចសហប្រតិបត្តិការរួមគ្នានាពេលកន្លងទៅនោះ។
បន្ទាប់ពីកិច្ចប្រជុំនោះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងថា កិច្ចសហប្រតិបតិ្តការរវាងកម្ពុជា-ចិន លើការងារប្រយុទ្ធប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែន គឺបានប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន និងទទួលបានសមិទ្ធផលសំខាន់ៗ នៃការអភិវឌ្ឍន៍សម្រាប់ផែនការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន រយៈពេលពីរឆ្នាំកន្លងមកនេះ គឺបង្កើតបានយន្តការសហប្រតិបត្តិការមួយ គឺការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន ហើយតាមរយៈការិយាល័យនេះ ប្រទេសទាំងពីរបានរួមសហការគ្នាក្នុងការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធសកម្មភាពមុខសញ្ញាឧក្រិដ្ឋមួយចំនួន ព្រមទាំងបានធ្វើសកម្មភាពបង្ក្រាប ចាប់ខ្លួនឧក្រិដ្ឋជនទាំងនោះ ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងទៀតថា «ភាគីចិនបានគាំទ្រដល់ប្រតិបត្តិការរបស់នគរបាលកម្ពុជា ដោយបានផ្តល់ជំនួយនូវមធ្យោបាយ ឧបករណ៍ សម្ភារៈ បច្ចេកទេសមួយចំនួនពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការអនុវត្តវិធានការជំនាញ និងសម្រាប់បម្រើឲ្យការងារសន្តិសុខ សុវត្ថិភាពកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះហើយបន្ថែមពីនោះភាគីចិនក៏បានជួយគាំទ្រខាងផ្នែកឧបករណ៍ សម្ភារៈមួយចំនួនពាក់ព័ន្ធនឹងការប្រឆាំងកូវីដ-១៩ ផងដែរ»។
បើតាមការបញ្ជាក់ពីឯកឧត្តម ឆាយ គឹមខឿន បានលើកឡើងទៀតថា អំឡុងពេលពីរឆ្នាំនេះ នគរបាលទាំងពីរ បានផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមករួមទាំង គណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូបច្ចេកទេស ដើម្បីប្រជុំពិភាក្សាសិក្សា ដកស្រង់បទពិសោធន៍អំពីសភាពការណ៍នានា ក្នុងការបង្ក្រាបបទល្មើសឧក្រិដ្ឋជាពិសេសបទឧក្រិដ្ឋដែលប្រព្រឹត្តដោយជនជាតិចិន និងរត់គេចពីប្រទេសចិនមកប្រទេសកម្ពុជាជាដើម៕
អត្ថបទ ៖ បាន ចក់

