ភ្នំពេញ ៖ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដែលបានធ្វើឡើងដើម្បីស្ដាប់នូវសំណូមពរនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើរទាំងនោះ ភាគច្រើនលើសលប់ គឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ វេទិកានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។
លោក ហួត ហៃ មានប្រសាសន៍ថា វេទិកានេះ ប្រជាពលរដ្ឋបានស្នើ និងសំណូមពរឡើងដោយផ្ទាល់មាត់មានចំនួន ១១នាក់ ស្មើនិង១៤បញ្ហា និងសំណើរជាលាយលក្ខណ៍អក្សរចំនួន ១៩បញ្ហា ហើយរាល់សំណើរ និងសំណូមទាំងនោះរួមមាន សូមឱ្យអាជ្ញាធរជួយកាត់ខ្សែភ្លើងដែលធ្លាក់តាមដងផ្លូវ ជួសជុលផ្លូវ ដាក់ប្រព័ន្ធលូ ដាក់ភ្លើងស្តុបថ្មី ដាក់ផ្លាកសញ្ញាហាមចតនៅតាមខាងមុខសាលារៀន ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ សូមឱ្យកាត់លះមែកឈើ ការដឹកជញ្ជូនសំរាមចេញពីទីអារាមវត្តសូមឱ្យទាន់ម៉ោងពេល និងស្នើសូមប្រមូលជនអាណាថាតាមទីសាឌារណៈផងដែរ។
លោក ហួត ហៃ បានបញ្ជាក់ថា រាល់សំណើរ និងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋ ជាង១០សំណើរ និងសំណូមពរនៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ចំពោះសំណើរដែលដោះស្រាយមិនបានភ្លាមៗ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនឹងឱ្យក្រុមការងារចុះទៅសិក្សា និងស្នើសុំគោលការសម្រេចពីអភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
ក្នុងឱកាសនោះដែរ លោក ហួត ហៃ ក៏បានស្នើរសុំឱ្យប្រជាពលរដ្ឋ ដែលមិនបានបង់ថ្លៃសំរាម សូមរួសរាន់បង់ថ្លៃសំរាម ដើម្បីឱ្យរាជធានីភ្នំពេញមានបរិស្ថានល្អសមជាទីក្រុងដែលជាបេះដូងនៃប្រទេស។
ឯកឧត្តម ម៉ប់ សារិន មានប្រសាសន៍ថា ការបង្កើតឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះឡើង គឺដើម្បីឱ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ហើយឱ្យអាជ្ញាធរបានដឹងលឺ និងរួមគ្នាដោះស្រាយ ដែលមានដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍នៅមូលដ្ឋានជាដើម។
ឯកឧត្តម ម៉ប់ សារិន បានបន្តថា អ្វីដែលជាសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយជូនជាបណ្តើរៗហើយ អ្វីដែលនៅសេសសល់អាជ្ញាធរក៏បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលរបស់ខណ្ឌអស់ហើយដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






