ព្រះវិហារ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងអាជ្ញាធរស្រុករវៀង បានធ្វើការក្រើនរំលឹកឱ្យប្រជាពលរដ្ឋដែលរកស៊ីទទួលទាន និងសាងសង់សំណង់រំលោភដីចំណីផ្លូវជាតិលេខ ៦២ ដែលមិនទាន់បានរុះរើ សូមរុះរើចេញឱ្យបានមុនថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ដោយក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងរៀបចំជីកដាក់លូមូល និងចាក់លូអ៊ុយ ពង្រីកផ្លូវនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះហើយ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះថា ដោយស្ថានភាពបន្ទាន់នៅភូមិភ្នំដែក ត្រង់ចំនុចគីឡូម៉ែត្រលេខ ៦៨ ផ្លូវជាតិលេខ ៦២ កាន់តែលំបាក ដោយហេតុភ្លៀងជោគជាំខ្លាំង និងមិនមានប្រព័ន្ធរំដោះទឹកគ្រប់គ្រាន់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួមនិងអាជ្ញាធរស្រុករវៀង សូមរំលឹកដល់ប្រជាពលរដ្ឋ ដែលរកស៊ីទទួលទាន និងសាងសង់សំណង់រំលោភដីចំណីផ្លូវមិនទាន់បានធ្វើការរុះរើ ជ្រាបថា ក្រុមការងារជំនាញបានចាក់គម្របលូអ៊ុយ និងលូមូលបាន ១០០%ហើយ ជំនាញនឹងរៀបចំជីកដាក់លូមូល និងចាក់លូអ៊ុយ ពង្រីកផ្លូវនៅថ្ងៃទី ២៥ តុលា ២០២៣ ឆ្នាំខាងមុខនេះ។ ដូច្នេះក្រុមការងារសូមសំណូមពរឱ្យរុះរើជាបន្ទាន់ ដើម្បីសម្រួលដល់ក្រុមការងារសម្រេចភារកិច្ចបានតាមផែនការ ងាយស្រួល ឆាប់រហ័សក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានសុខសុវត្ថិភាព។
លោក សំ លាងទ្រី ក៏បានសំណូមពរផងដែរ នៅពេល មានផ្លូវថ្នល់ស្អាតល្អ សូមប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់៕





