ក្រសួងមហាផ្ទៃអេស្ប៉ាញបាននិយាយថា ជនអន្តោប្រវេសន៍ជាង ៨.៥០០នាក់ បានទៅដល់ប្រជុំកោះកាណារី របស់អេស្ប៉ាញ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ខណៈក្រុមអាជ្ញាធរកំពុងជួបផលលំបាកក្នុងការទប់ទល់នឹងរលកនៃការមកដល់នៃជនអន្តោប្រវេសន៍។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេស្ប៉ាញ លោក ហ្វឺណានដូ ក្រានដេ ម៉ាឡាស្កា (Fernando Grande- Marlaska) បានទៅពិនិត្យរដ្ឋធានីនៃប្រជុំកោះនេះ កាលពីថ្ងៃចន្ទ (១៦ តុលា) ជាទីដែលលោកបានប្រកាសថា យន្តហោះនគរបាលស៊ីវិលអេស្ប៉ាញ ហ្គាឌីយ៉ា មួយគ្រឿង នឹងត្រូវបញ្ជូនទៅ ដើម្បីត្រួតពិនិត្យដែនទឹកជុំវិញប្រទេសសេណេហ្គាល់ និងប្រទេសម៉ូរីតានី ដែលជនអន្តោប្រវេសន៍ជាច្រើន ចាប់ផ្តើមធ្វើដំណើរទៅកាន់អឺរ៉ុប ហើយលោកបាននិយាយថា យន្តហោះទីពីរនឹងត្រូវបញ្ជូនទៅបន្ថែម ដើម្បីពង្រឹងដែនទឹកជុំវិញប្រជុំកោះកាណារី នេះផងដែរ។

លោកម៉ាឡាស្កា បាននិយាយថា ជនអន្តោប្រវេសន៍ចំនួន ១២.៥០០នាក់ ត្រូវបានរារាំងពីការធ្វើដំណើរទៅកាន់អេស្ប៉ាញ រហូតមកដល់ពេលនេះនៅក្នុងឆ្នាំនេះ។ តួលេខក្រសួងមហាផ្ទៃអេស្ប៉ាញបង្ហាញថា ចំនួនជនអន្តោប្រវេសន៍ដែលបានទៅដល់ប្រទេសនេះ តាមសមុទ្រទៅប្រជុំកោះកាណារី បានកើនឡើង ៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕