អង្គភាពឃ្លាំមើលកសិកម្មរុស្ស៊ី រូសែលឃូសណាដ័រ (Rosselkhoznadzor) បាននិយាយកាលពីថ្ងៃចន្ទ (១៦ តុលា) ថា ប្រទេសរុស្ស៊ី បានចូលរួមជាមួយប្រទេសចិន ក្នុងការដាក់ការរឹតបន្តឹងលើការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន។

ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊គូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្នុងខែសីហា ហើយជាវិធានការដែលទីក្រុងតូក្យូនិយាយថា មានសុវត្ថិភាព ព្រមទាំងត្រូវបានរិះគន់ដោយប្រទេសចិន ដែលជាបន្តបន្ទាប់បានហាមឃាត់ការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជប៉ុន។
ប្រទេសរុស្ស៊ី បាននិយាយថា ការរឹតបន្តឹងនេះត្រូវបានដាក់ ជា «វិធានការប្រុងប្រយ័ត្ន» ហើយនឹងនៅតែមានប្រសិទ្ធភាព រហូតដល់មានព័ត៌មានទូលំទូលាយបង្ហាញថា អាហារសមុទ្រជប៉ុនមានសុវត្ថិភាព។
យោងតាមទីភ្នាក់ងារសារព័ត៌មាន ក្យូដូ បានរាយការណ៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃចន្ទថា បម្រាមរបស់រុស្ស៊ីនេះ គឺគ្មានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ ហើយមិនយុត្តិធម៌ និងជារឿងគួរឱ្យសោកស្ដាយ ដោយអំពាវនាវឱ្យរុស្ស៊ីលុបចោលបម្រាមនោះវិញផងដែរ៕

