ភ្នំពេញ ៖ នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន លោក ឆាយ ឈី (Cai Qi) បានប្រកាសបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ហើយលោករំពឹងថា ដំណើរការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹងខ្លាំងក្លាបន្ថែមទៀត ក្រោមការដឹកនាំរាជរដ្ឋាភិបាលថ្មីនេះផងដែរ។
នៅក្នុងកិច្ចជំនួប ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមក្នុង »វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក ឆាយ ឈី បានស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៦៥នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពដែកថែប ហើយ បានបង្ហាញនូវការជឿជាក់ថា «ក្រោមការដឹកនាំរបស់ សម្តេចធិបតី, ដំណើរការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាបន្ថែមទៀត» ។
នៅក្នុងកិច្ចជំនួបនោះដែរ លោក ឆាយ ឈី ក៏បានបញ្ជាក់«អំពីឆន្ទៈក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ និងបានរំឭកផងដែរអំពីសមិទ្ធផលដ៏ត្រចះត្រចង់មួយចំនួន ដែលកកើតឡើងពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា-ចិន អស់រយៈកាលជាង ១០ ឆ្នាំ កន្លងមកនេះ តួយ៉ាងដូចជា៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, (៣) អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និង (៤) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាដើម» ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនេះគឺជាលើកទី២ហើយ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ កាលពីខែសីហា ឆ្នាំ២០២៣ ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្តចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយក៏ជាការបន្តនូវមរតកនៃទំនាក់ទំនងល្អ ដែលបន្សល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងបណ្តាអាណត្តិកន្លងទៅ ព្រមទាំងចំណងមិត្តភាពជាប្រវត្តិសាស្ត្រដែលព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុនៗ បានកសាងតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន។
ក្នុងន័យនេះ សម្តេចធិបតី បានឯកភាពចំពោះទស្សនៈរបស់ លោក ឆាយ ឈី ដែលបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈកាល ៦៥ ឆ្នាំ កន្លងមកនេះនិងបានផ្តល់សារៈសំខាន់ចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកលូតលាស់រឹងមាំជាលំដាប់ ព្រមជាមួយនឹងការបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតទ្វេភាគី និងលើឆាកអន្តរជាតិ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” រវាងប្រទេសទាំងពីរ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ នយោបាយ, គុណភាព និងសមត្ថភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។
ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរ អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូររវាងយុវជន និងយុវជន ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានរឹងមាំ និងយូរអង្វែង៕ អត្ថបទ ៖ បាន ចក់






