ភ្នំពេញ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ នេះ មានចំនួន ៣,៧ លាននាក់ កើនឡើង ១៦២ ភាគរយ និងទទួលបានចលនាជើងហោះហើរជាង ៣៧ ពាន់ជើង កើនឡើង ១០២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ ២០២២។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវាណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៊ីវិល លើកឡើងក្នុងពិធីស្វាគមន៍ទទួលជើង ហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នៅថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០២៣ នេះថា នៅក្នុងដើមខែតុលា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញតាមផ្លូវអាកាស ជាមធ្យម មានចលនាជើងហោះហើរចំនួន ៨៥០ ជើងក្នុងមួយសប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិទាំង ៣ និងមានក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន ៣០ ក្រុមហ៊ុន ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង ៨ និងចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ។
ចំណែកនៅក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៣ នេះកម្ពុជា ទទួលបានអ្នក ដំណើរតាមផ្លូវអាកាស មានចំនួនជិត ៣,៧ លាននាក់ និងទទួលបានចលនាជើងហោះហើរ មានចំនួន ៣៧,២០០ ជើង ក្នុងនោះ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ទាំងចំនួនអ្នកអ្នកដំណើរ ចលនាជើងហោះហើរបានកើនឡើងជាងរយដង ដែលបង្ហាញឲ្យឃើញនៃការងើបឡើងវិញជាបណ្តើរៗ សម្រាប់ការចរាចរទំនិញ និងអ្នកធ្វើដំណើរ ។
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវាណ្ណាល់ លើកឡើងបន្តថា សកម្មភាពដឹកជញ្ជូន តាមផ្លូវអាកាសនៅព្រះរាជាណាចក្រកម្ពុជា បានកំពុងវិលត្រឡប់មកវិញ ឬស្តារឡើងវិញជាបណ្តើរៗបានជិត ៥០ ភាគរយហើយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ មុនវិបត្តិនៃជំងឺកូវីដ-១៩ ផ្ទុះឡើង។ អត្ថបទ៖ សុន រ៉ាឌី






