
តុលាការក្រុងហុងកុង នៅថ្ងៃអង្គារ (ទី១៧ ខែតុលា) បានច្រានចោលការស្នើរបស់រដ្ឋបាល ដើម្បីបដិសេធគូអ្នកស្រឡាញ់ភេទដូចគ្នា មិនឲ្យមានសិទ្ធិជួល និងកាន់កាប់លំនៅឋានសាធារណៈ ដោយនិយាយថា វាជា «ការរើសអើងក្នុងច្បាប់ធម្មជាតិ» និងការបដិសេធទាំងស្រុងនូវសិទ្ធិរបស់គូស្នេហ៍បែបនេះ។
សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍របស់ទីក្រុងហុងកុង គឺជាសេចក្តីសម្រេចចុងក្រោយបង្អស់នៃការបំបែកភាពទាល់ច្រកផ្លូវច្បាប់ សម្រាប់អ្នកតស៊ូមតិទាមទារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ នៅឆ្នាំនេះ។
រដ្ឋបាលក្រុងហុងកុង បានជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការកំពូលចំនួន២ ដែលថា វា «មិនស្របតាមរដ្ឋធម្មនុញ្ញ និងខុសច្បាប់» សម្រាប់អាជ្ញាធរគ្រប់គ្រងលំនៅឋានរបស់ទីក្រុង ក្នុងការបដិសេធគូស្នេហ៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលបានរៀបការនៅបរទេស មិនទទួលបានលំនៅឋានសាធារណៈ។
បណ្តឹងឧទ្ធរណ៍នេះ ជាប់ពាក់ព័ន្ធនឹងករណីចំនួន២ មួយករណីដែលអាជ្ញាធរបានបដិសេធមិនពិចារណាលើពាក្យស្នើសុំរបស់អ្នករស់នៅអចិន្ត្រៃយ៍ ដើម្បីជួលផ្ទះល្វែងសាធារណៈជាមួយប្តីរបស់គាត់ ដោយសារតែអាពាហ៍ពិពាហ៍របស់ពួកគេ នៅក្នុងប្រទេសកាណាដា មិនត្រូវបានទទួលស្គាល់ ដោយទីក្រុងហុងកុង។
ហើយមួយករណីទៀតពាក់ព័ន្ធនឹងគូស្នេហ៍ភេទដូចគ្នា ដែលត្រូវបានអាជ្ញាធរបដិសេធមិនឲ្យមានកម្មសិទ្ធិរួមលើផ្ទះល្វែង ដែលឧបត្ថម្ភធនដោយរដ្ឋាភិបាល ដោយសារតែអាពាហ៍ពិពាហ៍របស់ពួកគេ នៅប្រទេសអង់គ្លេស មិនត្រូវបានទទួលស្គាល់នៅទីក្រុងហុងកុង៕