
បេសកជនចិន កាលពីថ្ងៃចន្ទ (ទី១៦ ខែតុលា) បានអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្របន្ថែមទៀត សម្រាប់ប្រទេសលីប៊ី។
ភាគីនានា នៅក្នុងប្រទេសលីប៊ី នាពេលថ្មីៗនេះ បានខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការសន្ទនានយោបាយ រក្សាសន្តិសុខ និងស្ថិរភាព និងឆ្លើយតបទៅនឹងគ្រោះទឹកជំនន់។ ទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែតទល់នឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក។
លោក Dai Bing តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា សហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខគួរតែផ្តល់ការគាំទ្របន្ថែមទៀត ដើម្បីជួយប្រទេសលីប៊ីឆ្លងកាត់សេចក្ដីលំបាកនេះ។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា វាមានសារៈសំខាន់ណាស់ ក្នុងការរក្សាសន្ទុះនៃការសន្ទនានយោបាយ។
ភាគីនានា នៅលីប៊ី បានចាប់ផ្តើមកិច្ចសន្ទនាស្តីពីការបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការបោះឆ្នោត ហើយសភាតំណាងរាស្រ្ត ឬសភា បានអនុម័តច្បាប់បោះឆ្នោតនោះ។ លោក Dai បាននិយាយថា ប្រទេសចិនសង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងបង្រួបបង្រួមលទ្ធផលនៃកិច្ចសន្ទនា ជម្នះលើភាពខ្វែងគំនិតគ្នា និងអនុវត្តដំណើរការនយោបាយឆ្ពោះទៅមុខ និងបង្កើតលក្ខខណ្ឌនានា សម្រាប់ការបោះឆ្នោត។
សូមរំលឹកថា ទឹកជំនន់នាពេលថ្មីៗនេះ បានបំផ្លិចបំផ្លាញប្រទេសលីប៊ី ដោយបណ្តាលឲ្យមានអ្នករបួស និងស្លាប់ និងធ្វើឲ្យមានការផ្លាស់លំនៅឋាន ក្នុងចំនួនដ៏ច្រើន ក៏ដូចជាបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរផងដែរ។ លោក Dai បាននិយាយថា ប្រទេសចិនអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនជំនួយមនុស្សធម៌ ដើម្បីជួយប្រជាជនលីប៊ី យកឈ្នះលើផលប៉ះពាល់នៃគ្រោះមហន្តរាយនេះ និងសាងសង់ផ្ទះសម្បែងរបស់ពួកគេឡើងវិញ៕