
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃចន្ទ (ទី១៦ ខែតុលា) បានបង្ហាញទំនុកចិត្តថា សភាអាមេរិកនឹងអនុម័តការគាំទ្របន្ថែមដល់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី ទោះបីជាមានការប្រឆាំងពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមួយចំនួនក៏ដោយ។
បន្ទាប់ពីមានកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ លោកស្រី Yellen បានប្រាប់អ្នកយកព័ត៌មានថា លោកប្រធានាធិបតី Joe Biden នឹងដាក់សំណើផ្តល់មូលនិធិបន្ថែម សម្រាប់ទាំងអ៊ុយក្រែន និងអ៊ីស្រាអែល «ភ្លាមៗនៅពេលដែលយើងមានសភាតំណាងដែលមានមុខងារ»។
កិច្ចប្រជុំរបស់លោកស្រី Yellen ជាមួយក្រុមរបស់សហភាពអឺរ៉ុបនេះ ធ្វើឡើង នៅពេលដែលរដ្ឋបាលលោក Biden រៀបចំស្នើកញ្ចប់ជំនួយយោធាថ្មី ដែលមានតម្លៃជាង ២ពាន់លានដុល្លារ សម្រាប់ទាំងអ៊ុយក្រែន និងអ៊ីស្រាអែល ដែលកំពុងតែរៀបចំការវាយលុយផ្លូវគោក បន្ទាប់ពីការវាយប្រហារដ៏សាហាវ កាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា៕