ចិន៖ ប្រទេសចិនបានអះអាងថា ទំនាក់ទំនងរបស់ប្រទេសចិនជាមួយប្រទេសកម្ពុជា បានរួមចំណែកជាវិជ្ជមានចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ការអះអាងរបស់ចិនធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកសម្ដែងក្តីបារម្ភអំពីវត្តមានរបស់យោធាចិន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman បាននិយាយផ្តោតលើការសាងសង់សំណង់ថ្មីៗ របស់ប្រទេសចិននៅមូលដ្ឋានកងទ័ពជើងទឹករាម។ លោកស្រីបានបញ្ជាក់ច្បាស់អំពីការរុះរើអគារ ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកចំនួន២ នៅមូលដ្ឋានរាមដោយគ្មានការជូនដំណឹង ឬការពន្យល់ ហើយបានកត់សំគាល់ថា មូលដ្ឋានយោធាចិនក្នុងប្រទេសកម្ពុជា នឹងធ្វើឲ្យអន្តរាយដល់អធិបតេយ្យភាព គំរាមដល់សន្តិសុខតំបន់ និងមានផលប៉ះពាល់ដោយអវិជ្ជមានចំពោះទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក។ ក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin បាននិយាយថា ប្រទេសចិន និងកម្ពុជាមានមិត្តភាពជាប្រពៃណី និងជាដៃគូកិច្ចសហប្រតិបត្តិការ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោក Wang និយាយថា ភាគីទាំងពីរបានអនុវត្តន៍កិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាក្នុងវិស័យជាច្រើន ដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែង ដល់ប្រជាជននៃប្រទេសទាំងពីរ និងមានការរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា លោកស្រី Sherman បានជំរុញឲ្យមេដឹកនាំប្រទេសកម្ពុជា រក្សាគោលនយោបាយការបរទេសដោយតុល្យភាព និងឯករាជ្យ ក្នុងផលប្រយោជន៏ល្អបំផុតរបស់ប្រជា ជនកម្ពុជា។ លោកស្រី Sherman បានលើកបញ្ហានេះជាថ្មីម្តងទៀត អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃកាលពីថ្ងៃពុធ ដោយនិយាយថា លោកស្រីបានជួបសន្ទនាដោយស្មោះត្រង់ជាមួយសម្ដេចតេជោ ហ៊ុន សែន អំពីទិសដៅដែលប្រទេសកំពុងធ្វើ រួមទាំងវត្តមានរបស់ចិននៅមូលដ្ឋានរាម។ ទាក់ទងនឹងការលើកឡើងរបស់អាមេរិកជុំវិញបញ្ហាសមុទ្ររាមនេះ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាបានសម្រេចអនុញ្ញាតឲ្យអនុព័ន្ធយោធារបស់អាមេរិក អាចទៅពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមជាក់ស្ដែងតែម្តង។ សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ការអនុញ្ញាតឲ្យមន្ត្រីអាមេរិកទៅពិនិត្យមើលផ្ទាល់នេះ ដើម្បីឲ្យអាមេរិកជ្រះមន្ទិល និងកុំឲ្យសង្ស័យ ឬចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានតទៅ ទៀត៕
អត្ថបទ៖ ប៊ុនថន