
នៅព្រឹកថ្ងៃអង្គារនេះ រថយន្តដឹកជំនួយមនុស្សធម៌ ត្រូវបានគេមើលឃើញធ្វើដំណើរចេញពីទីក្រុង Arish របស់ប្រទេសអេហ្ស៊ីប ស្ថិតក្នុងតំបន់រដ្ឋបាល North Sinai ទៅកាន់តំបន់ឆ្លងកាត់ព្រំដែនជាមួយតំបន់ហ្គាហ្សា ។
សេតវិមាន និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi បានពិភាក្សាគ្នាពីតម្រូវការអភិរក្សស្ថិរភាពនៅតំបន់មជ្ឈិមបូព៌ា អំឡុងការជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ។
សេតវិមានបន្តថា លោក Biden និងលោក Sisi បានពិភាក្សាផងដែរពីកិច្ចខិតខំនៅបន្ត ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌កាន់តែអាក្រក់ខ្លាំង នៅតំបន់ហ្គាហ្សាស្រ្ទីប ។
រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក Sameh Shoukry បាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលអ៊ីស្រាអែលនៅពុំទាន់ប្រកាន់ភ្ជាប់គោលជំហរនៅឡើយទេដែលអនុញ្ញាតឲ្យបើកតំបន់ឆ្លងកាត់ព្រំដែន Rafah រវាងអេហ្ស៊ីប និងតំបន់ហ្គាហ្សាស្រ្ទីប ។
លោក Shoukry និយាយថា ចាប់តាំងពីជម្លោះផ្ទុះឡើង អេហ្ស៊ីបមានគោលបំណងរក្សាប្រតិបត្តិការតំបន់ព្រំដែន Rafah ដោយបានចាត់ទុកស្ថានភាពប្រឈមដោយជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង ៕