
សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្រុមអាជ្ញាធរបានបញ្ជាក់ថា ជនល្មើសសង្ស័យ វ័យ ៤៥ឆ្នាំម្នាក់ ដែលបានស្វែងរកសិទ្ធិជ្រកកោននៅប្រទេសបែលហ្ស៊ិកកាលពីខែកញ្ញា ឆ្នាំ ២០១៩ និងត្រូវបានគេរកឃើញ និងបាញ់សម្លាប់ដោយក្រុមនគរបាលនៅក្នុងទីក្រុងព្រុចសែល នៅថ្ងៃអង្គារនេះ គឺជាខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ពលរដ្ឋស៊ុយអែត ២នាក់ នៅក្នុងរដ្ឋធានីប្រទេសបែលហ្ស៊ិកមួយនេះ កាលពីថ្ងៃចន្ទ ។
គេបានមើលឃើញក្រុមនគរបាលនៅទីក្រុងព្រុចសែល បិទផ្លូវចូល និងបានឈរនៅក្រៅអគារផ្ទះល្វែងមួយកន្លែង ។
មន្រ្តីជាន់ខ្ពស់មួយរូបរបស់បែលហ្ស៊ិក និយាយថា ខ្មាន់កាំភ្លើងដែលសង្ស័យសម្លាប់ពលរដ្ឋស៊ុយអែត ២នាក់នៅការប្រកួតបាល់ទាត់ មានដើមកំណើតមកពីប្រទេសទុយនីស៊ី ។
ខណៈពេលនោះដែរ នាយករដ្ឋមន្រ្តីបែលហ្ស៊ិក លោក Alexander De Crooនិយាយថា ក្រុមវាយប្រហារ ចង់សាបព្រួសសេចក្តីភ័យខ្លាច ការមិនទុកចិត្ត និងការបែងចែកនៅក្នុងសង្គមសេរីរបស់ពួកយើង ។ ក្រុមភេរវករត្រូវតែដឹងថា ពួកគេមិនអាចយកឈ្នះបេសកកម្មមួយនេះបាននោះទេ ។
លោកបន្តថា ពួកគេនឹងមិនអាចយកឈ្នះសង្គមសេរីរបស់ពួកយើងបានឡើយ ។ ជាមួយនឹងភាពស្អប់ខ្ពើម និងអំពើហិង្សារបស់ពួកគេ ពួកគេបង្ហាញភាពគ្មានអំណាចរបស់ពួកគេ ។ អំពើភេរវកម្ម នឹងមិនយកឈ្នះពួកយើងបានឡើយ ។
គួរឲ្យដឹងថា បែលហ្ស៊ិក បានធ្វើម្ចាស់ផ្ទះស៊ុយអែត នៅការប្រកួតជម្រុះ Euro 2024 កាលពីល្ងាចថ្ងៃចន្ទ ។ ការប្រកួតនេះ ត្រូវបានបោះបង់ចោល នៅពេលសម្រាកតង់ទី ១ ក្រោយឧបទ្ទេវហេតុកើតឡើង ៕