
ទូរទស្សន៍រដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ មួយថ្ងៃមុនពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិណ នឹងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលីខាមីណេ (Ayatollah Ali Khamenei) បាននិយាយថា មន្ត្រីអ៊ីស្រាអែល គួរតែប្រឈមមុខនឹងការកាត់ទោសចំពោះ«អំពើឧក្រិដ្ឋកម្មប្រឆាំងនឹងប៉ាឡេស្ទីន»របស់ខ្លួន។
ចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ ១៩៧៩ មេដឹកនាំបុព្វជិតរបស់អ៊ីរ៉ង់ បានបញ្ចេញសំឡេងក្នុងការគាំទ្ររបស់ពួកគេចំពោះបុព្វហេតុប៉ាឡេស្ទីន។ ទីក្រុងតេអេរ៉ង់ មិនលាក់បាំងពីការគាំទ្ររបស់ខ្លួនចំពោះក្រុមហាម៉ាស ការផ្តល់មូលនិធិ និងបំពាក់អាវុធដល់ក្រុមឥស្លាមនិយម ដែលគ្រប់គ្រងតំបន់ហ្គាហ្សានោះទេ។
លោកខាមីណេ បាននិយាយថា៖«គ្មាននរណាម្នាក់ អាចប្រឈមមុខនឹងប្រជាជនមូស្លីម និងកងកម្លាំងតស៊ូ ប្រសិនបើឧក្រិដ្ឋកម្មរបស់របបជ្វីហ្វនិយមប្រឆាំងនឹងប៉ាឡេស្ទីន នៅតែបន្ត... ការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាត្រូវតែបញ្ឈប់ជាបន្ទាន់»។
លោកបានបន្ថែមថា៖«មន្ត្រីនៃរបបជ្វីហ្វនិយម គួរតែត្រូវបានកាត់ទោសចំពោះឧក្រិដ្ឋកម្មរបស់ខ្លួនប្រឆាំងនឹងប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សា»។