
និយ័តករយានយន្តរបស់សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ (ទី១៧ ខែតុលា) នេះ បាននិយាយថា ក្រុមហ៊ុន Tesla នឹងហៅត្រឡប់មកវិញ នូវរថយន្តម៉ូដែល X ចំនួន ៥៤.៦៧៦គ្រឿង ដែលផលិតនៅចន្លោះឆ្នាំ២០២១-២០២៣ ដោយសារតែឧបករណ៍បញ្ជារថយន្ត ទំនងជាមិនស្គាល់ប្រេងហ្វ្រាំង និងមិនបង្ហាញភ្លើងសញ្ញាអាសន្ន។
រដ្ឋបាលផ្លូវជាតិ និងសុវត្ថិភាពចរាចរណ៍ (NHSTA) បានឲ្យដឹងថា ក្រុមហ៊ុន Tesla បានចេញផ្សាយនូវបច្ចុប្បន្នភាពកម្មវិធី OTA (វិធីសាស្ត្របញ្ជូនទិន្នន័យដោយឥតប្រើខ្សែ) ដោយមិនគិតថ្លៃ ដើម្បីដោះស្រាយបញ្ហានេះ។
ជាមួយគ្នានេះ និយ័តករ បានបន្ថែមថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ មិនបានដឹងពីគ្រោះថ្នាក់ របួស ឬការស្លាប់ណាមួយ ដែលអាចទាក់ទងនឹងស្ថានភាពនេះទេ គិតត្រឹមថ្ងៃទី១០ ខែតុលា។ ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
គួរបញ្ជាក់ដែរថា កាលពីខែសីហា NHTSA បានបើកការស៊ើបអង្កេតលើរថយន្តម៉ូដែល Tesla Model 3 និង Model Y ថ្មីចំនួន ២៨០.០០០គ្រឿង ជុំវិញរបាយការណ៍ពីការបាត់លំនឹង ក្នុងការគ្រប់គ្រងចង្កូត៕