
ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ (ទី១៧ ខែតុលា) បានឲ្យដឹងថា ខ្លួន «ប្រឆាំង» យ៉ាងដាច់អហង្ការ ចំពោះការដាក់គ្រឿងបូជាតាមប្រពៃណីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅទីសក្ការៈ Yasukuni ក្នុងទីក្រុងតូក្យូ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មាន ដែលធ្វើជាប្រចាំថា ប្រទេសចិន «បានសម្ដែងការជំទាស់ការទូតយ៉ាងម៉ឺងម៉ាត់» ជាមួយប្រទេសជប៉ុន។
សារព័ត៌មាន Japan Times និង Kyodo News បានធ្វើសេចក្ដីរាយការណ៍ថា លោក Kishida បានបញ្ជូនមនុស្សឲ្យយកគ្រឿងសម្រាប់បូជាទៅកាន់ទីសក្ការៈ នៅថ្ងៃអង្គារនេះ ប៉ុន្តែទំនងជាមិនទៅគោរពដោយខ្លួនលោកផ្ទាល់នោះឡើយ។
សូមបញ្ជាក់ថា ទីសក្ការៈនេះត្រូវបានប្រទេសចិន និងកូរ៉េខាងត្បូងចាត់ទុកថា ជានិមិត្តរូបនៃការឈ្លានពានរបស់យោធាជប៉ុន កាលពីអតីតកាល៕