
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតក្នុងចំណោមមេដឹកនាំសហភាពអឺរ៉ុប នាយករដ្ឋមន្រ្តីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban) កាលពីថ្ងៃអង្គារ បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះទំនាក់ទំនងទ្វេភាគី ចំពេលមានភាពតានតឹងអន្តរជាតិជុំវិញសង្រ្គាម នៅអ៊ុយក្រែន។
លោកអ័របាន បានប្រាប់លោកពូទីននៅក្នុងការអធិប្បាយតាមរយៈការផ្សាយរបស់អ្នកបកប្រែនៅលើកញ្ចក់ទូរទស្សន៍រុស្ស៊ី មុនពេលចាប់ផ្តើមវេទិកាមួយនៅទីក្រុងប៉េកាំងថា ប្រទេសហុងគ្រីដែលបានប្រឆាំងនឹងគំនិតផ្តួចផ្តើមរបស់សហភាពអឺរ៉ុបជាច្រើន ដើម្បីគាំទ្រអ៊ុយក្រែនក្នុងការទប់ទល់នឹងកងកម្លាំងរបស់ទីក្រុងមូស្គូ និងទទួលបានប្រេងឆៅ និងឧស្ម័នភាគច្រើនពីរុស្ស៊ី មិនដែលចង់ប្រឆាំងរុស្ស៊ីទេ ហើយកំពុងព្យាយាមស្តារទំនាក់ទំនងទ្វេភាគី។
មេដឹកនាំទាំងពីរ បានជួបគ្នានៅផ្ទះសំណាក់របស់រដ្ឋាភិបាលដែលលោកពូទីនស្នាក់នៅ មុនពេលចាប់ផ្តើមវេទិកាអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។
លោកពូទីន បានប្រាប់លោក អ័របានថា៖«ទោះបីជាការពិតដែលថានៅក្នុងលក្ខខណ្ឌភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ននេះក្តី ឱកាសសម្រាប់រក្សាទំនាក់ទំនង និងការអភិវឌ្ឍទំនាក់ទំនង មានកម្រិតណាស់យ៉ាងណាក៏ដោយ វាគ្រាន់តែអាចបណ្តាលឲ្យមានការពេញចិត្ត ដែលទំនាក់ទំនងរបស់យើងជាមួយប្រទេសជាច្រើននៅអឺរ៉ុប ត្រូវបានរក្សា និងមានការរីកចម្រើន។ ប្រទេសមួយក្នុងចំណោមប្រទេសទាំងនេះ គឺហុងគ្រី»។