ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានពន្យល់អំ ពីករណីការប្រើប្រាស់សេវាដឹកជញ្ជូននៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់។...................
ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យ BTV ដឹងថា អ្នកធ្វើដំណើរដែលប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរអាចប្រើសេវាដឹកជញ្ជូនណាមួយក៏បានតាមតម្រូវការ មានន័យថា អាចប្រើប្រាស់សេវាដឹកជញ្ជូន ដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានសម្រេចផ្ទេរសិទ្ធិឱ្យក្រុមហ៊ុនឯកជន ជាអ្នកធ្វើប្រតិបត្ដិការក៏បា ន ឬ ក៏ប្រើសេវាដឹកជញ្ជូនផ្សេងៗ ក្រៅពីក្រុមហ៊ុនដែលទទួលធ្វើប្រតិបត្តិការនេះក៏បាន។
ឯកឧត្ដមបន្តថា ចំពោះសេវាដឹកជញ្ជូនក្រៅប្រព័ន្ធវិញ ត្រូវបានអនុវត្ដតាមធម្មតាដូចអាកាសយានដ្ឋានអន្ដរជាតិផ្សេងៗដទៃទៀតដែរ ដោយមិនមានការប្រែប្រួលនោះឡើយ ហើយក៏មិនមានការហាមឃាត់មិនឱ្យអ្នកដឹកជញ្ជូនចូលទៅដឹកអ្នកដំណើរនៅក្នុងអាកាសយានដ្ឋានសៀមរាប-អង្គរនោះក៏គ្មានដែរ។
ឯកឧត្ដមបន្ថែមថា ការបង្កើតឱ្យមានក្រុមហ៊ុនឯកជន ជាអ្នកធ្វើប្រតិបត្ដិការដឹកជញ្ជូនចេញ និងចូលទៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺដោយសារអាកាសយានដ្ឋានថ្មីនេះ មានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីរួមខេត្ដសៀមរាប ហើយក៏មិនទាន់មានសេវាដឹកជញ្ជូនសាធារណៈណា ទៅដល់ទីនោះដែរ ហេតុនេះហើយ ទើបអាកាសយានដ្ឋានថ្មីនេះ សម្រេចឱ្យមានប្រតិបត្តិការសេវាដឹកជញ្ជូនបែ បនេះឡើង។ ឯកឧត្ដមឱ្យដឹងទៀតថា បើពិនិត្យតម្លៃដឹកជញ្ជូន គឺតម្លៃរថយន្តក្រុង ៨ ដុល្លារក្នុងម្នាក់ សម្រាប់ចម្ងាយជិត ៥០ គីឡូម៉ែត្រ ធៀបនឹងសេវាដឹកជញ្ជូនផ្សេងទៀត គិតជាគីឡូម៉ែត្រ គឺសេវាដឹកជញ្ជូនទាំងពីរនេះ មិនមានអ្វីខុសគ្នានោះទេ។
ថ្មីៗកន្លងមកនេះ, ក្រុមហ៊ុនអង្គរអ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៊ិន(ខេមបូឌា)ឯ.ក បានចេញសេចក្ដីជូនដំណឹងអំពីប្រព័ន្ធដឹកជញ្ជូននៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដោយបានផ្ទេរសិទ្ធិឱ្យក្រុមហ៊ុន Tourist Transport Association for Siem Reap International Airport (TTA) ជាអ្នក ធ្វើប្រតិបត្តិការ ដើម្បីធានាដល់ការធ្វើដំណើរ និងសុវត្ថិភាពរបស់ភ្ញៀវ។ ដើម្បីធ្វើប្រតិបត្តិការនេះឱ្យបា នល្អ TTA នឹងបញ្ជូនរថយន្តចំនួន ២៦១ គ្រឿង ដើម្បីបំពេញតម្រូវការដឹកអ្នកដំណើរ ក្នុងនោះរថយន្តធុនតូចតម្លៃ ៣៥ ដុល្លារក្នុងមួយជើង, ឡានក្រុងតូចតម្លៃ ៤០ ដុល្លារក្នុងមួយជើង ឬ ម្នាក់ ៨ ដុល្លារ៕ ដោយ៖ គង់ ឌិន






