
ស្របពេលដែលការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានវាយលុកតំបន់ហ្គាហ្សាស្រ្ទីប មុនការវាយប្រហារជើងគោកតាមការរំពឹងទុកនោះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទច្រកមួយនេះ កាន់តែអស់សង្ឃឹមខ្លាំងដោយសារទឹកអស់ សំរាមគរដូចភ្នំកាន់តែច្រើន ការបំផ្ទុះគ្រាប់បានធ្វើឲ្យផ្ទះសម្បែងរាបដល់ដី ហើយមន្ទីរពេទ្យពិបាកទប់ទល់នឹងលំហូរអ្នករងរបួស ។
ដោយសារតែគ្មានទឹកប្រើប្រាស់ ប្រជាពលរដ្ឋមួយចំនួន បានងាកទៅរកការជីកអណ្តូងនៅតំបន់ក្បែរមាត់សមុទ្រ ឬពឹងផ្អែកលើបំពង់ទឹកប្រៃហូរពីជ្រោះមួយគត់នៅក្នុងតំបន់ហ្គាហ្សា ដែលត្រូវបានធ្វើឲ្យកខ្វក់ដោយសារទឹកស្អុយ និងទឹកសមុទ្រ ។
លោកស្រី Juliette Touma គឺជាប្រធានផ្នែកទំនាក់ទំនងរបស់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនអង្គការសហប្រជាជាតិ (UNRWA)បាននិយាយថា នៅតែបន្តគ្មានទឹកប្រើប្រាស់សម្រាប់ប្រជាជនភាគច្រើននៅតំបន់ហ្គាហ្សាស្រ្ទីប ។
លោកស្រីថា ពួកយើងកំពុងនិយាយពីមនុស្សជាង ២លាននាក់ នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ដែលគ្មានទឹក ទឹកនឹងអស់ ទឹកគឺជាជីវិត ដូច្នេះហើយជីវិតនឹងអស់នៅក្នុងតំបន់ហ្គាហ្សា ។ ពួកយើងពុំទទួលបានព័ត៌មានណាមួយនោះទេ ឬព័ត៌មានធ្វើបច្ចុប្បន្នភាព ។
លោកស្រីនិយាយទៀតថា ពួកយើងមានការព្រួយបារម្ភខ្លាំងណាស់ពីការរីករាលដាលឆ្លងជំងឺអាសន្នរោគ បើសិនជាទឹកបន្តគ្មានបែបនេះនៅតំបន់ហ្គាហ្សា ដោយសារតែពួកយើងដឹងស្រាប់ហើយថា មនុស្សកំពុងងាកទៅរកប្រភពទឹកកង្វក់ រួមទាំងទឹកអណ្តូង ។
លោកស្រី Touma បានបញ្ជាក់ថា គ្មានការផ្គត់ផ្គង់នោះទេទៅកាន់តំបន់ហ្គាហ្សាស្រ្ទីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលារហូតមក ។ គ្មានអ្វីៗទាំងអស់ គ្មានប្រេងឥន្ធនៈ គ្មានស្បៀងអាហារ គ្មានទឹក ហើយនិងគ្មានជំនួយផ្សេងៗទៀត ៕