
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell នៅថ្ងៃអង្គារ (ទី១៧ ខែតុលា) បាននិយាយថា ការវាយប្រហារនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ជាកន្លែង ដែលជនជាតិស៊ុយអែត ២នាក់ ត្រូវបានសម្លាប់នោះ បង្ហាញថា អឺរ៉ុបចាំបាច់ត្រូវបង្កើនសន្តិសុខរបស់ខ្លួន ហើយការការពារ គឺជាផ្នែកមួយនៃសន្តិសុខរបស់ប្លុកនេះ។
លោក Borrell បានលើកឡើងបែបនេះ អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Rota ប្រទេសអេស្ប៉ាញ ជាកន្លែងដែលសមយុទ្ធយោធាឈ្មោះ MILEX-23 ដែលជាសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់សហភាពអឺរ៉ុប កំពុងប្រព្រឹត្តទៅ។
សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលបានសម្លាប់អ្នកគាំទ្របាល់ទាត់សញ្ជាតិស៊ុយអែត ២នាក់ កាលពីថ្ងៃចន្ទ (ទី១៦ តុលា) បានបង្ហាញអត្តសញ្ញាណខ្លួនឯងថា ជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម ហើយបានអះអាងទទួលខុសត្រូវ ក្នុងវីដេអូ ដែលបានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត។
បន្ទាប់ពីមានហេតុការណ៍នោះ អាជ្ញាធរប្រទេសបែលហ្ស៊ិក បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា ខ្មាន់កាំភ្លើងជនជាតិទុយនីស៊ីវ័យ ៤៥ឆ្នាំម្នាក់ បានស្លាប់ ដោយសារត្រូវនគរបាលបាញ់ ក្នុងហាងកាហ្វេមួយ៕