
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយថា ការប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សាស្រ្ទីប ត្រូវតែបញ្ឈប់ជាបន្ទាន់ ដែលការលើកឡើងបែបនេះ មានរយៈពេល ១ថ្ងៃប៉ុណ្ណោះ មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល ។
អ៊ីស្រាអែល បានសន្យានឹងធ្វើឲ្យសាបសូន្យក្រុមចលនាហាម៉ាស់ដែលគាំទ្រដោយអ៊ីរ៉ង់ និងគ្រប់គ្រងតំបន់ហ្គាហ្សា ក្រោយក្រុមសកម្មប្រយុទ្ធរបស់ពួកគេសម្រុកចូលអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ដោយបានសម្លាប់មនុស្ស ១.៣០០នាក់ ដែលជាថ្ងៃស្លាប់មនុស្សច្រើនជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំរបស់អ៊ីស្រាអែល ។
លោក Khamenei បាននិយាយប្រាប់ក្រុមនិស្សិតនៅទីក្រុងតេអេរ៉ង់ថា គ្មាននរណាម្នាក់អាចគ្រប់គ្រងពិភពមូស្លីមនិងកម្លាំងតស៊ូបាននោះទេ បើសិនជាឧក្រិដ្ឋកម្មរបស់របបហ្សាអឺនអ៊ីស្រាអែលលើជនប៉ាឡេស្ទីននៅតែបន្តនោះ ហើយការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ត្រូវតែបញ្ឈប់ជាបន្ទាន់ ។
លោកបាននិយាយទៀតថា ពិភពលោកបានមើលឃើញការប្រល័យពូជសាសន៍របស់របបហ្សាអឺនលើជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ៕