
ការផ្ទុះគ្រាប់ និងសំណុំផ្សែងយ៉ាងក្រាស់ ត្រូវបានមើលឃើញនៅទូទាំងតំបន់ហ្គាហ្សាស្រ្ទីបនាថ្ងៃអង្គារនេះ ពេលដែលអ៊ីស្រាអែលត្រៀមខ្លួនបង្កើនការវាយលុកលើក្រុមជីវពលហាម៉ាស់ ដែលបង្កឲ្យកើតមានវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា និងធ្វើឲ្យមានក្តីកង្វល់ដល់ជម្លោះទ្រង់ទ្រាយធំជាងនេះ ជាមួយអ៊ីរ៉ង់ ។
ស្របពេលនោះដែរ រថយន្តដឹកជំនួយអេហ្ស៊ីប បានធ្វើដំណើរមកដល់ព្រំដែនឆ្លងចូលទៅកាន់តំបន់ហ្គាហ្សា ដែលមិនគ្រប់គ្រងដោយអ៊ីស្រាអែល ប៉ុន្តែពុំទាន់មានកិច្ចព្រមព្រៀងនៅឡើយទេ ដើម្បីចែកចាយជំនួយទាំងអស់នេះទៅកាន់ជនប៉ាឡេស្ទីនដែលបានជាប់ខ្លួននៅទីនោះ ។
អ៊ីស្រាអែល បានបង្កើនការទម្លាក់គ្រាប់បែករបស់ពួកគេនៅថ្ងៃអង្គារនេះ ជាមួយនឹងការវាយប្រហារតាមច្រកអាកាសដែលបានសម្លាប់ជនប៉ាឡេស្ទីនជាង ២.៨០០នាក់ ក្នុងនោះ ១ភាគ៤នៃពួកគេគឺជាកុមារ ហើយធ្វើឲ្យមនុស្សប្រហែលពាក់កណ្តាលនៃពលរដ្ឋ ២,៣លាននាក់ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ។
អ៊ីស្រាអែល បានបញ្ជាឲ្យប្រជាពលរដ្ឋហ្គាហ្សា ជម្លៀសខ្លួនចេញពីតំបន់ពាក់កណ្តាលនៅភាគខាងជើងហ្គាហ្សាស្រ្ទីប ។ ប្រជាពលរដ្ឋបានរត់ភៀសខ្លួនចេញពីភាគខាងជើង ទៅកាន់តំបន់ភាគខាងត្បូង ប៉ុន្តែពួកគេពុំត្រូវបានលើកលែងដោយការទម្លាក់គ្រាប់បែកនៅទីនោះនោះទេ ៕