
ម្តាយរបស់នាង Maya Schem Keren Schem ដែលជាចំណាប់ថ្នូរជនជាតិបារាំង-អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា និងដែលបានបង្ហាញខ្លួន ក្នុងវីដេអូ ដែលចេញផ្សាយដោយក្រុមហាម៉ាស កាលពីថ្ងៃចន្ទ (ទី១៧ ខែតុលា) បានជំរុញឲ្យមេដឹកនាំពិភពលោកនាំយកកូនស្រី Maya និងអ្នកត្រូវបានចាប់ខ្លួនទាំងអស់ នៅក្នុងការវាយប្រហារដ៏គួរឲ្យស្លុតចិត្ត កាលពីសប្តាហ៍មុនលើអ៊ីស្រាអែល ត្រឡប់មកកាន់គេហដ្ឋានវិញ។
ដោយមានកាន់រូបថតកូនស្រីរបស់ខ្លួន ម្តាយរបស់ Maya បានប្រាប់អ្នកសារព័ត៌មាន អំឡុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារថា៖ «ខ្ញុំបានឃើញថា កូនរបស់ខ្ញុំ ស្ថិតក្នុងស្ថានភាពមានស្ថិរភាព ប៉ុន្តែខ្ញុំបារម្ភយ៉ាងខ្លាំងអំពីសុខទុក្ខរបស់នាង។ ខ្ញុំកំពុងអង្វរពិភពលោកឲ្យជួយនាំយកកូនរបស់ខ្ញុំមកផ្ទះវិញ។ នាងគ្រាន់តែទៅជប់លៀង ពោលគឺចូលរួមពិធីបុណ្យ ដើម្បីមានភាពសប្បាយរីករាយ ហើយឥឡូវនេះ នាងស្ថិតនៅតំបន់ហ្គាហ្សា»។
នៅពេលត្រូវបានសួរថា តើគ្រួសារនេះ ក៏បានទាក់ទងជាមួយរដ្ឋាភិបាលបារាំង ដើម្បីធានាឲ្យមានការដោះលែងកូនស្រីរបស់ខ្លួនដែរ ឬទេ អ្នកម្តាយរូបនេះ បាននិយាយថា ពួកគេកំពុងស្នើសុំឲ្យមនុស្សគ្រប់គ្នាធ្វើអ្វី ដែលពួកគេអាចធ្វើបាន។
សូមបញ្ចាក់ថា នាង Maya ស្ថិតក្នុងចំណោមចំណាប់ខ្មាំង ១៩៩នាក់ផ្សេងទៀត ឬច្រើនជាងនេះ ដែលត្រូវបានចាប់ខ្លួនពីដែនដីអ៊ីស្រាអែលដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា នៅក្នុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៣០០នាក់ ពោលគឺជាការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតច្រើនបំផុត ក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល៕