អ៊ីស្រាអែល៖ ប្រភពកងកម្លាំងសន្តិសុខក្នុងប្រទេសលីបង់ បាននិយាយថា អំពើហិង្សាបានរីកកាន់តែធំនៅព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែលកាលពីថ្ងៃអង្គារទី១៧ខែតុលា ក្នុងនោះក្រុមយុទ្ធជនរបស់ក្រុមប្រដាប់អាវុធធុនធ្ងន់ ហេស្បូឡា(Hezbollah) របស់ប្រទេសលីបង់ ចំនួន៥នាក់បានស្លាប់ អំឡុងប្រតិបត្តិការប្រឆាំងអ៊ីស្រាអែល ។
ក្នុងការផ្ទុះអំពើហិង្សាដ៏ធ្ងន់ធ្ងរបំផុតនៅសមរភូមិមុខក្នុងរយៈពេល១៧ឆ្នាំមកនេះ ក្រុមហេស្បូឡាគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងកម្លាំងអ៊ីស្រាអែល បានបាញ់តបតគ្នាស្ទើររាល់ថ្ងៃ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន វាយប្រហារចូលក្នុងទឹកដីរបស់អ៊ីស្រាអែលកាលពីថ្ងៃទី១៧ខែតុលា ហើយអ៊ីស្រាអែល បានឆ្លើយតបវិញដោយការវាយប្រហារតាមអាកាសដ៏ធ្ងន់ធ្ងរស្រោចលើតំបន់ហ្គាហ្សា។
ទាហានអ៊ីស្រាអែល ដែលនិយាយថា ខ្លួននឹងបាញ់អ្នកណាក៏ដោយឲ្យតែទៅជិតព្រំដែន ឬជ្រៀតចូលតាមរបងព្រំដែនរបស់ខ្លួន និងនិយាយថា ខ្លួនបានសម្លាប់មនុស្ស៤នាក់ កាលពិថ្ងៃអង្គារ ដែលបានព្យាយាមឆ្លងចូលរនាំង និងបំផ្ទុះគ្រឿងផ្ទុះ ។ ប្រភពដដែលនេះ ពុំបាននិយាយថា ហេតុការណ៍នោះកើតឡើងនៅទីណានោះទេ។
ក្រុមហេស្បូឡា បានបញ្ជាក់ថា៥នាក់ក្នុងចំណោមក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានស្លាប់ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ភ្លាមៗ ថា តើពួកគេណាម្នាក់ ជាជនដូចគ្នា ដែលអ៊ីស្រាអែល សំដៅដល់នោះ។
កងទ័ពអ៊ីស្រាអែលបានរាយការណ៍ការវាយប្រហារនៅក្នុងទីតាំង៣កន្លែង រួមទាំង ទីប្រជុំជន មេទូឡា ( Metula)របស់អ៊ីស្រាអែល និងពុំមានទាហានអ៊ីស្រាអែល រងរបួសនោះទេ៕

