រុស្ស៊ី បាននិយាយថា ខ្លួនលែងគោរពតាមការដាក់រឹតត្បិតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើការផ្តល់បច្ចេកវិទ្យាមីស៊ីលដល់អ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅពេលដែលពួកគេផុតកំណត់នៅថ្ងៃពុធនេះ ដោយពុំបាននិយាយថា តើឥឡូវនេះខ្លួនមានគម្រោងគាំទ្រដល់ការអភិវឌ្ឍមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ ឬយ៉ាងណាទេ។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖«ការផ្គត់ផ្គង់ទៅនិងមកពីប្រទេសអ៊ីរ៉ង់នៃផលិតផលដែលស្ថិតនៅក្រោមរបបគ្រប់គ្រងបច្ចេកវិទ្យាមីស៊ីល លែងត្រូវការការយល់ព្រមជាមុនពីក្រុមប្រឹក្សាសន្តិសុខUNទៀតហើយ។

ការរឹតបន្តឹងទាំងនោះ ត្រូវបានកំណត់នៅក្នុងសេចក្តីសម្រេចលេខ២២៣១នៃឆ្នាំ២០១៥ ដែលគាំទ្រកិច្ចព្រមព្រៀង ដែលចក្រភពអង់គ្លេស ចិន សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក បានដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ជាថ្នូរនឹងទីក្រុងតេអេរ៉ង់ ដែលកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
នៅឆ្នាំ ២០១៨ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដោយបន្សល់ទុកទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក នៅជាធរមាន ហើយអ៊ីរ៉ង់បានពន្លឿនកម្មវិធីនុយក្លេអ៊ែរជាបន្តបន្ទាប់ ដែលខ្លួននិយាយថា សន្តិភាពសុទ្ធសាធ។